អឺរ៉ុប ប្រកាសគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ៥ពាន់លានអឺរ៉ូសម្រាប់អេហ្ស៊ីប អំឡុងកិច្ចប្រជុំកំពូលលើកដំបូង
អេហ្ស៊ីប-អឺរ៉ុប៖ ប្រទេសអេហ្ស៊ីប និងសហភាពអឺរ៉ុប បានរៀបចំកិច្ចប្រជុំកំពូលអេហ្ស៊ីប-អឺរ៉ុបជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយមានការឯកភាពគ្នាលើកិច្ចព្រមព្រៀងថ្មីៗក្នុងវិស័យសេដ្ឋកិច្ច ថាមពល ការស្រាវជ្រាវវិទ្យាសាស្ត្រ និងនវានុវត្តន៍ ។
ព្រឹត្តិការណ៍នេះ មានការចូលរួមពីប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដែល ហ្វាត់តាហ៍ អាល់-ស៊ីស៊ី (Abdel Fattah al-Sisi) ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ ខូស្តា (Antonio Costa) និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ើស៊ូឡា វ៉ុនឌើឡេយ៉េន (Ursula von der Leyen) ។
លោកស្រី វ៉ុនឌើឡេយ៉េន (Von der Leyen) បានហៅកិច្ចប្រជុំកំពូលនេះថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខយ៉ាងវិជ្ជមាន ដោយលោកស្រី បានប្រកាសពីការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ៥ ពាន់លានអឺរ៉ូសម្រាប់ប្រទេសអេហ្ស៊ីប និងបញ្ជាក់ពីការចូលរបស់អេហ្ស៊ីបទៅក្នុងកម្មវិធីស្រាវជ្រាវ និងនវានុវត្តន៍ហូរីហ្សុន ( Horizon Europe) របស់សហភាពអឺរ៉ុប ។
លោកស្រី មានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះនឹងជំរុញដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន រួមមានដូចជា ថាមពលស្អាត និងបច្ចេកវិទ្យាទំនើបៗផ្សេងៗទៀត ។
ទន្ទឹមនឹងនោះ លោកស្រី ស៊ីស៊ី (Sisi) បានជំរុញឱ្យវិនិយោគិនមកពីតំបន់អឺរ៉ុប កំណត់ប្រទេសអេហ្ស៊ីបជាគោលដៅទីផ្សារ និងជាដៃគូផលិតកម្មដែលអាចជឿទុកចិត្តបាន ដោយចង្អុលបង្ហាញពីឱកាសវិនិយោគលើយានយន្ត ឱសថ ជីកសិកម្ម និងគីមីឥន្ធនៈ ។
ក្នុងនោះ ក្រុមហ៊ុនអឺរ៉ុបជាង ៣០០ ក្រុមហ៊ុន និងអេហ្ស៊ីបជាង ១០០ ក្រុមហ៊ុនបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលខាងលើនេះ រួមជាមួយស្ថាប័នហិរញ្ញវត្ថុ និងតំណាងមកពីរដ្ឋសមាជិកសហភាពអឺរ៉ុបថែមទៀតផង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Egyptian Presidency Media Office via File on AP/ VIORY