ព័ត៌មានជាតិ

ចិន-ម៉ាឡេស៊ី ចូលរួមសមយុទ្ធកងទ័ពជើងទឹករួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ

image


ចិន៖ ប្រទេសចិន និងម៉ាឡេស៊ី បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារក្នុងសប្ដាហ៍នេះ នៅជិតកំពង់ផែក្លាង (Klang) ប្រទេសម៉ាឡេស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ និងពង្រឹងកិច្ចការសម្របសម្រួលសន្តិសុខ ។

សមយុទ្ធនេះ ផ្តោតលើការកែលម្អសមត្ថភាពរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់ដែនសមុទ្រ ។

លោក វ៉ាង ម៉ាង (Wang Mang) មន្ត្រីកងទ័ពជើងទឹកចិន បានរៀបរាប់ថា សមយុទ្ធនេះបានជួយសាកល្បងដល់ការហ្វឹកហ្វឺនពីមុនៗ ព្រមទាំងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីការពារសន្តិសុខផ្លូវសមុទ្រ ។

ទន្ទឹមនឹងនោះ អ្នកបើកឧទ្ធម្ភាគចក្រ ចោវ យុនហ្វឹង (Zhao Yunfeng) ឯណោះវិញ បានកត់សម្គាល់ថា សមយុទ្ធស្វែងរក និងជួយសង្គ្រោះបានប្រឈមមុខនឹងស្ថានភាពសមុទ្រដ៏លំបាកជាច្រើន ប៉ុន្តែបានបញ្ចប់ដោយជោគជ័យ ។

គួររម្លឹកថា សមយុទ្ធនេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ហ្វឹកហ្វឺនយោធារួមគ្នាមួយឈ្មោះ «សន្តិភាព និងមិត្តភាព ឆ្នាំ២០២៥» ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែតុលា ដោយក៏គ្របដណ្តប់លើបេសកកម្មអមដំណើរ និងការហ្វឹកហ្វឺនផ្គត់ផ្គង់ឡើងវិញតាមឧទ្ធម្ភាគចក្រជាដើម ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Shutter Stock