ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទាក់ទាញក្រុមហ៊ុនផលិតគ្រឿងបរិក្ខារអគ្គិសនីដ៏ធំរបស់ចិន ទៅវិនិយោគនៅក្នុងខេត្តកំពង់ធំ

image

  
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងប្រតិភូក្រុមហ៊ុន Guangxi Mingdian Electric Co., Ltd. ជុំវិញឱកាសវិនិយោគនៅក្នុងខេត្តកំពង់ធំ។

នៅក្នុងជំនួបនេះ លោក Chen Jun ប្រធានក្រុមហ៊ុន Guangxi Mingdian Electric Co., Ltd. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងផ្តល់ឱកាសដល់រូបលោក និងក្រុមការងារ បានចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងឱកាសវិនិយោគនៅកម្ពុជា ពិសេសនៅក្នុងខេត្តកំពង់ធំ។

នៅចំពោះមុខ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ថ្នាក់ដឹកនាំក្រុមហ៊ុនរូបនេះ បានបង្ហាញពីគោលបំណងចង់បង្កើតបណ្តុំរោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំនិងសម្ភារៈបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ដូចជា៖ ត្រង់ស្វូរ សូឡា និងឧបករណ៍សម្រាប់ប្រព័ន្ធវារីអគ្គិសនីនៅក្នុងខេត្តកំពង់ធំ ដើម្បីបំពេញតម្រូវការ និងចន្លោះខ្វះខាតក្នុងវិស័យថាមពលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលទ្ធភាពក្នុងការនាំចេញផងដែរ។

ឆ្លើយតបនឹងការលើកឡើងនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុន Guangxi Mingdian Electric Co., Ltd. ដែលបានបើកអាជីវកម្មផ្គត់ផ្គង់គ្រឿងបរិក្ខារអគ្គិសនីនៅកម្ពុជា និងបានបង្ហាញអំពីបំណងក្នុងការវិនិយោគគម្រោងបង្កើតបណ្តុំរោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំសម្ភារៈបរិក្ខារអគ្គិសនី និងអេឡិចត្រូនិកនៅក្នុងខេត្តកំពង់ធំ ដែលស្ថិតនៅចំចំណុចកណ្តាលនៃប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបង្ហាញការគាំទ្រ និងសង្ឃឹមថា តាមរយៈការបង្កើតបណ្តុំរោងចក្រឧស្សាហកម្មនេះ ពិតជានឹងជួយធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំ ពីការពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ងាកមករកវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ដែលម្ខាងនឹងជួយជំរុញសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ក៏ដូចជាទូទាំងប្រទេស និងម្ខាងទៀត ជួយបង្កើតការងារ និងប្រាក់ចំណូលបន្ថែមជូនប្រជាជន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Guangxi Mingdian Electric Co., Ltd. មានមូលដ្ឋាននៅទីក្រុងណាននីង តំបន់ស្វយ័តខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងជាសហគ្រាសផលិតឧបករណ៍ថាមពលដ៏ធំមួយ ដែលរួមបញ្ចូលទាំងការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D)ការផលិត ការលក់ សេវាកម្ម និងការដំឡើង។ ក្រុមហ៊ុននេះផលិតជាចម្បងនូវឧបករណ៍អគ្គិសនី ត្រង់ស្វូរ ឧបករណ៍បំប្លែងថាមពល
ទូហ្កាសបិទជិត និងអ៊ីសូឡង់ ព្រមទាំងឧបករណ៍ថាមពលផ្សេងៗទៀត ដោយមានមជ្ឈមណ្ឌលសាកល្បងផលិតផល មន្ទីរពិសោធន៍ដ៏ធំទូលាយ និងមជ្ឈមណ្ឌលប្រតិបត្តិការ និងថែទាំឌីជីថលនៅមូលដ្ឋានផលិតកម្មរបស់ខ្លួន និងទទួលបានប៉ាតង់ជាតិជាច្រើន៕