ប្រធានាធិបតីអាម៉េរិក៖ ពន្ធលើទំនិញចិន អាចនឹងកើនឡើងដល់ ១៥៧%
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និយាយថា លោកនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងសន្តិសុខសំខាន់ៗ ។
លោកប្រធានាធិបតីត្រាំ បានមានប្រសាសន៍ជាបន្តទៀតដោយលើកឡើងថា ប្រធានបទដំបូងដែលលោកមានគម្រោងលើកឡើង គឺតួនាទីរបស់ចិនពាក់ព័ន្ធនឹងលំហូរថ្នាំញៀនហ្វេនតាណុលចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក ។
លោកត្រាំ (Trump) បានប្រកាសថា ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ពន្ធលើទំនិញចិនអាចនឹងកើនឡើងដល់ ១៥៧% ក្នុងកម្រិតកំណត់ត្រា។ លោកបានរៀបរាប់ថា វិធានការនេះមានគោលបំណងដាក់សម្ពាធលើប្រទេសចិន ប៉ុន្តែក៏បានកត់សម្គាល់ផងដែរថា វាមិនមាននិរន្តរភាពសម្រាប់ភាគីណាមួយឡើយ ។
លោកបានបញ្ជាក់ថា ខណៈដែលប្រទេសចិនរកបានចំណូលប្រហែល ១០០ លានដុល្លារពីការលក់ថ្នាំញៀនហ្វេនតាណុល ខ្លួនអាចខាតបង់ថវិកាប្រហែល ១០០ ពាន់លានដុល្លារដោយសារតែអត្រាពន្ធគយនេះ។ លោកត្រាំ ជឿជាក់ថា ប្រទេសចិនមានចិត្តចង់ដោះស្រាយបញ្ហានេះ ហើយកិច្ចពិភាក្សានាពេលខាងមុខ នឹងផ្តោតលើការដោះស្រាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ដែលនឹងរួមបញ្ចូលទាំងទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Illustration via Fox News/ Industry Insider