កូរ៉េខាងជើង ប្រកាសថា ខ្លួនបានសាកល្បងប្រព័ន្ធអាវុធទំនើបថ្មីមួយដោយជោគជ័យ
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានប្រកាសនៅថ្ងៃពុធថា ខ្លួនបានសាកល្បងប្រព័ន្ធអាវុធទំនើបថ្មីមួយដោយជោគជ័យ ក្រោមវត្តមានចូលរួមសង្កេតដោយមន្ត្រីជាន់ខ្ពស់ លោក ផាក ចុងជុន (Pak Jong-chon) និងលោក ចាង ឆាងហា (Jang Chang-ha) នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ។
កាលពីថ្ងៃព្រហស្បតិ៍ ទូរទស្សន៍ KCNA បានចេញផ្សាយរូបថតសន្លឹកមួយចំនួន ដោយបង្ហាញពីទិដ្ឋភាពនៃការបាញ់បង្ហោះកាំជ្រួចមីស៊ីល រួមទាំងរូបភាពនៃការវាយប្រហារចំគោលដៅនៅលើដី ខណៈលោកផាក (Pak) សរសើរថា ការសាកល្បងនេះបានបញ្ជាក់ពីភស្តុតាងនៃបច្ចេកវិទ្យាជឿនលឿនរបស់ខ្លួន ។
ទោះជាយ៉ាងណាក៏ដោយ ទីតាំង និងពេលវេលានៃវីដេអូមិនមានការផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ ស្របពេលការប្រកាសនេះ បានកើតឡើងនៅពេលដែលប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានចោទប្រកាន់ទីក្រុងព្យុងយ៉ាង ថាបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់នៅថ្ងៃដដែលនោះ ។
យោធាកូរ៉េខាងត្បូងឯណោះវិញ និយាយថា មីស៊ីលទាំងនោះបានហោះក្នុងចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រមុនពេលធ្លាក់ចូលទៅក្នុងដែនទឹកនៃខេត្តហាមយ៉ុងខាងជើង (Hamgyong)។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) បានដាក់ប្រទេសឱ្យបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ ទោះលោកស្រីបញ្ជាក់ថា មិនមានផលប៉ះពាល់ដល់ដែនទឹកជប៉ុនក៏ដោយ។ ក្នុងនោះ កូរ៉េខាងជើង មិនទាន់បានចេញមុខឆ្លើយតបចំពោះការចោទប្រកាន់នេះនៅឡើយទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Getty Images/ iStock Photo