ប្រធានាធិបតីឥណ្ឌូណេស៊ី ជួបជាមួយសមភាគីអាហ្វ្រិកខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ហ្សាកាតា, ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរ៉ល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។
អំឡុងជួបសំណេះសំណាលគ្នានៅក្នុងរដ្ឋធានីហ្សាកាតា កាលពីថ្ងៃទី២២ ខែតុលា មេដឹកនាំទាំងពីរបានឯកភាពគ្នាថានឹងជំរុញពាណិជ្ជកម្មរវាងអាហ្វ្រិកខាងត្បូង និងឥណ្ឌូណេស៊ី ដើម្បីអាចគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព ។
លោករ៉ាម៉ាហ្វូសា (Ramaphosa) បានលើកឡើងថា ប្រទេសទាំងពីរគួរតែខិតខំធ្វើការឆ្ពោះទៅរកសេដ្ឋកិច្ចដែលមានភាពធន់ និងចម្រុះជាងមុន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសរបស់ពួកគេ ជាពិសេសអំឡុងស្ថិតនៅក្នុងចំណោមបញ្ហាប្រឈមសកល ។
ការលើកឡើងខាងលើនេះ ក៏បានធ្វើឱ្យលោកប្រាបូវ៉ូ (Probowo) បង្ហាញនូវការគាំទ្រ ដោយណែនាំថា ប្រទេសនានា គួរពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ ឬភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយ ដើម្បីពង្រឹងនូទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេបន្ថែមទៀត ។
បន្ថែមពីនេះ លោក រ៉ាម៉ាហ្វូសា (Ramaphosa) ក៏បានចូលរួមអបអរសាទរផងដែរដល់ឥណ្ឌូណេស៊ី ដែលបានចូលរួមជាមួយក្រុមប្រ៊ីក (BRICS) និងបានអញ្ជើញលោកប្រាបូវ៉ូ (Prabowo) ឱ្យចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងចនហាន់ណេស្ប៊ើក (Johannesburg) នាពេលខាងមុខ ។
គួររម្លឹកថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំអាហ្វ្រិកខាងត្បូងទៅកាន់ប្រទេសឥណ្ឌូណេស៊ី គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានប្រទេសវៀតណាម និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែតុលា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Vecteezy