លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងអំណរគុណដល់ម៉ាឡេស៊ី ចំពោះតួនាទីយ៉ាងសកម្ម ក្នុងការសម្រេចបានបទឈប់បាញ់ និងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ
គូឡាឡាំពួ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាក្រៅផ្លូវការជាមួយ លោក Dato' Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ម៉ាឡេស៊ីចំពោះតួនាទីយ៉ាងសកម្មក្នុងការសម្រេចបានបទឈប់បាញ់ និងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ។
លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន ក្នុងនោះរួមមានការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេក្នុងអាស៊ាននៅឆ្នាំនេះ៕
អត្ថបទ៖ សន ពិសិដ្ឋ