ព័ត៌មានអន្តរជាតិ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី

image


ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីរាត្រី ថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសហុងគ្រី តបតាមការអញ្ជើញរបស់ លោក ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភា ប្រទេសហុងគ្រី ដើម្បីរឹតចំណងមិត្ត ភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ សកម្ម និងគ្រប់ជ្រុង ជ្រោយឡើងស្របពេលឆ្នាំ២០២៦ ខាង មុខនេះ ជាខួបលើកទី៧០ នៃទំនាក់ទំនង ផ្លូវការប្រទេសទាំងពីរ។
ហុងគ្រីជាមិត្តចាស់របស់កម្ពុជា ដែលបានជួយគាំទ្រដល់ការស្តារ និងអភិវឌ្ឍន៍កម្ពុជានៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។  ឈរលើផលប្រយោជន៍ពលរដ្ឋ ការជឿទុក ចិត្តគ្នា និងការឱ្យតម្លៃគ្នាទៅវិញទៅមក ទំ នាក់ទំនងប្រទេសទាំងពីរមានការរីក ចម្រើន ឥតឈប់ឈរ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជា បន្តបន្ទាប់។
កាលពីឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបំពេញទស្សនកិច្ចនៅហុងគ្រី ចំនួនពីរលើក។ ក្នុងឆ្នាំ២០១៩ ដដែលនោះ លោក ចាណូស អាឌឺ (Janos Ader) អតីតប្រធានាធិបតីហុងគ្រី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅដើមឆ្នាំ២០២៥នេះ លោក ស្រី ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុ ប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី  ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ផងដែរ។
ក្រោយពីដំណើរទស្សនកិច្ចរបស់ សម្តេចរដ្ឋសភាធិបតី នៅប្រទេសហុងគ្រីក្នុងពេល នេះ នៅដើមឆ្នាំ២០២៦ ខាងមុខ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា ជាណាចក្រកម្ពុជា ក៏នឹងគ្រោងយាងបំ ពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសហុងគ្រី ទៀងផង។
អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនេះ សម្តេចប្រធានរដ្ឋសភា នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសហុងគ្រី ជាពិសេស សម្តេចរដ្ឋសភាធិបតី នឹងជួប ពិភាក្សាការងារទ្វេភាគី ជាមួយ លោក ឡាស្លូ កូវឺរ ប្រធានរដ្ឋសភា ប្រទេសហុងគ្រី។
ថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គ លេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការពង្រឹងទំនាក់ ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រ ទេសទាំងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុង ជ្រោយឡើងបន្ថែមទៀត នៅគ្រប់កម្រិត។
តាមគម្រោងក្រោយពីបញ្ចប់ដំណើរទស្សន កិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី ចំនួនបួនថ្ងៃ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ សម្តេចប្រធានរដ្ឋសភា នឹងបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមវេទិកាសន្តិភាព ប៉ារីស លើកទី ៨ (8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដែលប្រារព្ធឡើងនៅថ្ងៃទី ២៩ និង ៣០ ខែតុលា ឆ្នាំ២០២៥ បន្តទៀត៕
អត្ថបទ៖ វង សុភ័ក្ត្រ