នាយករដ្ឋមន្ត្រីថៃ ប្រកាសផ្លាស់ប្ដូរពេលចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជា មកពេលព្រឹកជំនួសវិញ អំឡុងកាន់ទុក្ខព្រះមហាក្សត្រី Sirikit ដែលទើបសោយព្រះវិលាល័យ
ថៃឡង់ដ៍៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទិន ចានវីរគុល (Anutin Charnvirakul) បានប្រកាសលុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសសម្រាប់ការកាន់ទុក្ខព្រះមហាក្សត្រីស៊ិរីគិត គិធីយ៉ាការ៉ា (Sirikit Kitiyakara) ។
បរិយាកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសៅរ៍ ទី ២៥ ខែតុលា ឆ្នាំ ២០២៥ មានភាពសោកសៅនិងស្ងប់ស្ងាត់ ដោយមានវត្តមានរដ្ឋមន្ត្រី មន្ត្រីរាជការ មន្ត្រីផ្សេងៗ និងអ្នកសារព័ត៌មាន សុទ្ធតែស្លៀកពាក់ខ្មៅ ដើម្បីសម្តែងការកាន់ទុក្ខ និងគោរពចំពោះព្រះវិញ្ញាណក្ខន្ធរបស់សម្តេចព្រះមហាក្សត្រី ស៊ិរីគិត ដែលបានសោយព្រះវិលាល័យកាលពីម៉ោង ២១៖២១នាទីយប់ថ្ងៃសុក្រ ទី ២៤ ខែតុលា។
ប្រភពពីវិមានរដ្ឋាភិបាលថៃ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃស្អែកវិញ ដោយត្រូវនឹងពេលវេលាដែលរំពឹងទុកថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ក្រោមវត្តមានចូលរួមជាអធិបតីរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ឯកឧត្តមដូណាល់ ចន ត្រាំ នៅក្នុងប្រទេសម៉ាឡេស៊ី។
គេរំពឹងទុកថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នឹងត្រូវរៀបចំឡើងដោយផ្លាស់ប្ដូរពីពេលរសៀល ទៅពេលព្រឹកជំនួសវិញ ប៉ុន្តែប្រសិនបើសហរដ្ឋអាម៉េរិកមិនអាចលៃលកបានទេ លោក អនុទិន នឹងប្រគល់ភារកិច្ចនេះ ទៅឱ្យរដ្ឋមន្ត្រីក្រសួងការបរទេស លោក សីហាសាក់ ភឿងកេតកែវ (Sihasak Phuangketkeow) ចុះហត្ថលេខាជំនួស ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nations Thailand | រូបភាព-Photo៖ REUTERS/ INFO via RAPPLER