ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងកសិកម្ម ចាត់ទុកសហគ្រាសធុនតូច និងមធ្យម គឺជាគ្រឹះដ៏សំខាន់បំផុត ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

image



បាត់ដំបង ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE AT ឯកឧត្តម មាស ពិសិដ្ឋ បានបញ្ជាក់ថា សហគ្រាសធុនតូចនិងមធ្យម គឺជាគ្រឹះដ៏សំខាន់បំផុត ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍សហគ្រាសធំៗនៅពេលអនាគត ។
ការថ្លែងបញ្ជាក់នេះ ក្នុងឱកាសដែលសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងសភាពាណិជ្ជកម្មខេត្តបាត់ដំបង ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គបណ្តុះបណ្តាលស្ដីពី ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ ក្រោមប្រធានបទ៖ “ការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុវត្តន៍” ដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុន សហគ្រាស ឧស្សាហកម្ម សិប្បកម្ម ក្នុងខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៤ ដល់២៥ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង។
វគ្គបណ្តុះបណ្តាលស្ដីពី ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs)នេះ ស្ថិតក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។
លោករដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ដែរថា កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ហៅកាត់ថា ASPIRE AT គឺជាយន្តការមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យកសិកម្ម ។
លោក បានបន្តថា នៅក្នុងវិស័យកសិកម្ម មានអ្នកទទួលផលច្រើន មានអ្នកពាក់ព័ន្ធក៏ច្រើន ហើយក្រសួងកសិកម្ម ដែលមានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ទទួលស្គាល់ថា ក្រសួងកសិកម្មតែមួយមិនគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យបានទេ ចាំបាច់ត្រូវតែសហការឱ្យបានល្អជាមួយអ្នកពាក់ព័ន្ធ រួមទាំងក្រសួងស្ថាប័ន ក្នុងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍ និងគ្រប់តួអង្គនៃខ្សែច្រវ៉ាក់ គឺមានកសិករ សហគមន៍កសិកម្ម និងវិស័យឯកជនទាំងអស់ផងដែរ ។
លោក មាស ពិសិដ្ឋ បានឱ្យដឹងទៀតថា “វិស័យឯកជន ឬក្រុមហ៊ុនកសិកម្ម អាចទទួលបានប្រាក់កម្ចី ប៉ុន្តែយើងបារម្ភថា ពេលបានប្រាក់កម្ចីទៅគ្រប់គ្រងមិនបានត្រឹមត្រូវ រកស៊ីមិនត្រឹមត្រូវវាខាត កាលណាខាតអត់លុយសងវិញ ។ ក្រុមហ៊ុនឯកជនអត់មានលុយសងទីបំផុតរាជរដ្ឋាភិបាលយើងដែលខ្ចីលុយពីមូលនិធិអភិវឌ្ឍកសិកម្ម ហៅថា អ៊ីហ្វាត ខ្ចីពីសហភាពអឺរ៉ុប ឬពីធនាគាវិនិយោគអឺរ៉ុបជាដើមនោះ យកមកចាយវាអត់មានលុយសងទៅគេវិញមានន័យថា យើងប្រើប្រាស់អត់ត្រឹមត្រូវ។”
ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង អ្នកឧកញ៉ា ភួ វាសនា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងចំនួន៣សំខាន់ ដើម្បីធ្វើការគាំទ្រគោលដៅរបស់កម្មវិធី ASPIRE-AT ក្នុងការបង្កើនការគាំទ្រនិងផ្តល់សេវាបច្ចេកទេសការវិនិយោគ ដែលផ្តោតលើអាជីវកម្ម ដើម្បីជំរុញនិងសម្របសម្រួលដល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម កសិ-ពាណិជ្ជកម្ម ។ ការរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ ប្រព័ន្ធកសិ-ពាណិជ្ជកម្ម ដែលមានភាពធន់និងការលើកកម្ពស់ពាណិជ្ជកម្មកសិកម្មសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
សូមបញ្ជាក់ជូនផងដែរថា វគ្គបណ្ដុះបណ្ដាលនៅខេត្តបាត់ដំបងនេះ គឺជាវគ្គបណ្ដុះបណ្ដាលលើកទី១ ដោយគ្រោងនឹងមានវគ្គបណ្ដុះបណ្ដាលបន្ដចំនួន ៥ ផ្សេងទៀតក្រោមប្រធានបទផ្សេងៗ គ្នាដែលទាក់ទងទៅនឹងការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ នៅខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ៕