តំបន់អេកូទេសចរណ៍ ជំរំ «ចាហ៊ូ» ខេត្តមណ្ឌលគិរី ជាទីកន្លែងទស្សនាសត្វទោចថ្ពាល់លឿង កាន់តែទាក់ទាញអ្នកទេសចរ
មណ្ឌលគិរី៖ តំបន់អេកូទេសចរណ៍ ចាហ៊ូ (Jahoo)ស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ទីនោះមានភាពល្បីល្បាញសម្រាប់អ្នកទេសចរកម្សាន្តសត្វទោចថ្ពាល់លឿង ជាសត្វកម្របំផុតមួយប្រភេទលើពិភពលោក។ ក្រៅពីទស្សនាសត្វដ៏អស្ចារ្យនេះអ្នកទេសចរក៏អាចទស្សនាសត្វស្លាប ជីវភាពរស់នៅរបស់ជនជាតិភាគតិច និងទេសភាពដ៏ស្រស់ត្រកាលព្រៃភ្នំតំបន់នេះយ៉ាងជាទីមនោរម្យទៀតផង។
សត្វទោចត្រូវបានអ្នកអភិរកស្សបន្ស៊ាំវាដោយជោគជ័យ ហើយអ្នកទេសចរដែលទៅកម្សាន្តជំរំ ចាហ៊ូ កម្រខក បំណងណាស់ក្នុងការទៅទស្សនាសត្វទោចថ្ពាល់លឿងដ៏កម្រនេះ។ យ៉ាងណាក្តីដើម្បីអាចទស្សនាសត្វទោចផ្ពាល់លឿងបាន ភ្ញៀវទេសចរចាំបាច់ត្រូវក្រោកពីព្រលឹមចូលទៅព្រៃដើម្បីរង់ចាំមើលវត្តមានរបស់ពួកវានៅលើចុងឈើ។
អ្នកនាង នេត្រ បូរមី មន្រ្តីហិរញ្ញវត្ថុ និងរដ្ឋបាលតំបន់អេកូទេសចរណ៍ជំរំ ចាហ៊ូ ខេត្តមណ្ឌលគិរី បានឱ្យដឹងថាតាមរយៈអង្គការ WCS បានផ្តល់ជាជំនួយដើម្បីធ្វើការអភិវឌ្ឍ និងពង្រីកជំរំមួយនេះជាបន្តបន្ទាប់ ដូចជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កន្លែងស្នាក់នៅរបស់ភ្ញៀវ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់បុគ្គលិក តំបន់អេកូទេសចរណ៍ ជាដើម។ ដោយសារការអភិវឌ្ឍនេះទើបទីកម្សាន្តក្នុងតំបន់ព្រៃភ្នំមួយនេះក៏មានការរៀបចំបានជាបន្ទប់ទទួលភ្ញៀវ ភោជនីយដ្ឋាន ទីកន្លែងប្រជុំ ទីកន្លែងសម្រាប់បើកវគ្គបណ្តុះបណ្តាល និងកន្លែងសិក្សាស្រាវជ្រាវជាដើម។
អ្នកនាង នេត្រ បូរមី បានបញ្ជាក់ថា ចាហ៊ូ ជាតំបន់ទេសចរណ៍សត្វទោចថ្ពាល់លឿងដ៏សំខាន់មិនមានកន្លែងដទៃទៀតក្នុងប្រទេសកម្ពុជាទេ។ អ្នកទេសចរបរទេសភាគច្រើនដែលចូលមកកម្សាន្តទីកន្លែងនេះបំណងរបស់ពួកគេគឺទស្សនាសត្វទោចថ្ពាល់លឿង។ ក្នុងជំរំចាហ៊ូមានកន្លែងកម្សាន្តសំខាន់ៗចំនួន ៥ទីតាំង ហើយពេលភ្ញៀវមកដល់ជំរំចាហ៊ូត្រូវមកដល់ម៉ោង ៤កន្លះ ទៅ៥ព្រឹក ដើម្បីធ្វើដំណើរប្រមាណ ២ ទៅ ៣គីឡូម៉ែត្រ ដោយថ្មើរជើងទៀតទើបអាចទៅមើលសត្វទោចថ្ពាល់លឿងទាំងនេះបាន។ ក្រៅអំពីទស្សនាសត្វទោចថ្ពាល់លឿង នៅពេលថ្ងៃអ្នកទេសចរក៏អាចទស្សនាពពួកសត្វស្វា សត្វស្លាប និងសត្វដទៃទៀត។ បន្ថែមពីនេះអ្នកទេសចរអាចទស្សនាទឺកធ្លាក់ មើលដើមឈើធំៗក្នុងព្រៃ មើលជីវភាពរស់នៅរបស់ជនជាតិភាគតិចរបស់សហគមន៍ និងមើលការដើរដងជ័រទឹករបស់អ្នកសហគមន៍ ផងដែរ។
បើតាមការរៀបរាប់អ្នកនាង នេត្រ បូរមី ថាជំរំ ចាហ៊ូ សម្បូរភ្ញៀវទេសចរបំផុតចាប់ពីខែវិច្ឆិកា ដល់ខែមីនា ផុតពីនេះចាប់ខែមេសា ដល់ខែតុលា ចំនួនភ្ញៀវទេសចរមានការថមថយចុះបន្តិចវិញ។ គិតចាប់ពីដើមឆ្នាំ២០២៥ មកដល់ចុងខែកញ្ញា មានភ្ញៀវទេសចរចូលកម្សាន្ត ជំរំ ចាហ៊ូ ប្រមាណ ៣ទៅ៤រយនាក់ ហើយចំណូលជាថវិការបានជាង ៦ម៉ឺនដុល្លារ។
ទាក់ទិនក្នុងរឿងនេះ លោក សុខបញ្ញាវុធ អ្នកស្រាវជ្រាវនៅ ជំរំ ចាហ៊ូ បានឱ្យដឹងថា កន្លងមកក្រុមរបស់លោកបានសិក្សាស្រាវជ្រាវទៅលើសត្វទោច ដោយសិក្សាទៅលើអាកប្បកិរិយាប្រចាំថ្ងៃរបស់វា ការរស់នៅ និងការច្រៀងរបស់វាក្នុងទំនាក់ទំនងជាមួយដៃគូ និងការការពារទឹកដីរបស់សត្វទោចជាដើម។ សត្វទោចវាខុសពីសត្វដទៃពោលគឺ សត្វទោចនៅពេលការពារទឹកដី វាតែងសម្តែងចេញជាការច្រៀងដើម្បីប្រាប់ជាសញ្ញាដល់ក្រុមនីមួយៗរបស់ពួកវា។
ទាក់ទងនឹងការនាំភ្ញៀវទេសចរទៅទស្សនាសត្វទោចវិញ ត្រូវមានការអនុញ្ញាតឱ្យទៅទស្សនាតែចំនួនមួយម៉ោង ហើយចំនួនកំណត់បានត្រឹមតែ ៦នាក់ប៉ុណ្ណោះ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកវាតានតឹងអារម្មណ៍ ឬរំខានផ្លូវចិត្តពួកវា។
លោក សុខ បញ្ញាវុធ បានឱ្យដឹងដែរថា បើយោងតាមអង្គការ WCS កាលពីឆ្នាំ២០២២ ចំនួនសត្វទោចថ្ពាល់លឿងនៅទីកន្លែងនេះមានចំនួនប្រមាណ ១១២៩ក្បាល ហើយចំនួននេះថេររហូតដល់បច្ចុប្បន្ន។ អង្គការ WCS បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ហៅថា ចាហ៊ូ (Jahoo) នៅឆ្នាំ២០១៣ ហើយចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០១៤ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តតាមរយៈការដើរក្នុងព្រៃ និងលើកកម្ពស់ការយល់ដឹងនៃការអភិរក្សព្រៃឈើ និងសត្វព្រៃ។
គិតមដល់បច្ចុប្បន្ន ជំរំចាហ៊ូ បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ២ ៧៥១នាក់ និងបានបង្កើតប្រាក់ចំណូលសរុបប្រហែល ៤១២ ០៣៧ដុល្លារ ក្នុងនោះប្រហែល ១១ ៣១៣ដុល្លារ នៃប្រាក់ចំណូលសរុបនេះត្រូវបានរួមចំណែកដល់ការអភិរក្សដែនជម្រកសត្វព្រៃកែវសីមា និង ៥៩ ០៤១ដុល្លារ ត្រូវបានផ្តល់ដោយផ្ទាល់ដល់ការអភិវឌ្ឍសហគមន៍នៅក្នុងភូមិអណ្តូងក្រឡឹង៕