ក្រសួងបរិស្ថានបណ្តុះគំនិតស្អាត និងបៃតងដល់សិស្សានុសិស្សក្នុងខេត្តមណ្ឌលគិរី សម្រាប់ថែរក្សា ការពារបរិស្ថាន និងធនធានធម្មជាតិ
មណ្ឌលគិរី៖ ក្រសួងបរិស្ថាន បានបើកយុទ្ធនាការផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន ក្រោមប្រធានបទ៖ «ការបណ្តុះគំនិតស្អាត និងបៃតងនៅតាមសហគមន៍មូលដ្ឋាន» ដល់សិស្សានុសិស្សនៅវិទ្យាល័យកែវសីមា ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដើម្បីឱ្យសិស្សានុសិស្ស និងពលរដ្ឋមានស្មារតី និងផ្លាស់ប្តូរឥរិយាបទងាកមកចេះស្រឡាញ់ ថែរក្សា និងជាពិសេសការសម្អាតអនាម័យបរិស្ថានឲ្យបានស្អាត និងថែរក្សាការពារធនធានធម្មជាតិ។
យុទ្ធនាការនេះរៀបចំឡើងក្រោមអធិបតីភាព លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពីសំណាក់ប្រតិភូក្រសួងបរិស្ថាន អភិបាលរងខេត្តមណ្ឌលគិរី នាយកអង្គការ WCS មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ដៃគូនានា មន្រ្តីឧទ្យានុរក្ស កងកម្លាំងប្រដាប់អាវុធ ប្រធាន និងតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុកកែវសីម៉ា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ។
លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគីរី ជឿជាក់ថា ការបើកយុទ្ធនាការផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន ក្រោមប្រធានបទនេះ នឹងក្លាយជាចលករដែលជំរុញឲ្យមានការផ្តើមសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវ សម្អាតបរិស្ថាន និងរក្សាភាពបៃតង នៅតាមអង្គភាព សហគមន៍រៀងៗខ្លួន។
លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា ក្រសួងបានដាក់ចេញនូវគោលដៅនៃការអប់រំ និងការផ្លាស់ប្តូរទម្លាប់ នៃការរស់នៅជាចម្បង គឺផ្តោតលើការអប់រំសិស្សានុសិស្ស នៅតាមសាលារៀន ដែលមានលទ្ធភាពក្នុងការជួយពង្រីកការអប់រំដល់សមាជិកគ្រួសារ និងសង្គមផងដែរ។ ការថែរក្សាការពារបរិស្ថាន មិនមែនត្រឹមតែជាកាតព្វកិច្ចនោះទេ តែជាការចូលរួមដោយក្ដីស្រឡាញ់ និងមានចិត្តស្មោះចាប់ផ្តើមពីយើងទាំងអស់គ្នា ធ្វើឱ្យកម្ពុជាកាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព ប្រជាជនមានសុខភាពល្អ និងមូលដ្ឋានមានសោភ័ណភាព។
លោកបានណែនាំសិស្សានុសិស្សក្នុងស្រុកកែវសីម៉ា នៃខេត្តមណ្ឌលគីរី ខេត្តគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិថា ត្រូវចេះស្រឡាញ់ គិតគូរអំពីបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃឱ្យបានមកនៅតិចបំផុត រក្សាភាពស្អាត បៃតងឱ្យបានជាប់ជាប្រចាំ ជួយឱ្យខេត្តកាន់តែមានសោភ័ណភាពស្រស់បំព្រងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកម្សាន្តក្នុងខេត្តកាន់តែច្រើន និងចូលរួមដាំកូនឈើ ថែរក្សាដើមឈើ ដើម្បីទ្រទ្រង់បរិស្ថានទាំងមូល និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ គូសបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាននេះ គឺជាសក្ខីភាពនៃការគាំទ្រនៃកិច្ចសហការដល់ក្រសួងបរិស្ថាន ការចូលរួមក្នុងការជំរុញសកម្មភាពដើម្បីកម្ពុជាមានភាពស្អាត ទប់ស្កាត់ការបំពុលបរិស្ថានចេញពីសំរាម និងសំណល់ប្លាស្ទិក ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលទាមទារការចូលរួមទទួលខុសត្រូវ និងមានការផ្លាស់ប្តូរទម្លាប់នៅក្នុងការរស់នៅ ការធ្វើអាជីវកម្ម និងផលិតកម្ម ដោយប្រកាន់ខ្ជាប់នូវកាតព្វកិច្ចជាពលរដ្ឋល្អក្នុងការចូលរួមគ្រប់គ្រងសំរាម តាមលំនៅដ្ឋាន ភូមិឋាន វត្តអារាម ទីសាធារណៈ តាមផ្លូវជាតិនានា ការធ្វើអនាម័យបរិស្ថាន ថែរក្សាបរិស្ថានក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែធ្វើបាន» និង «ផ្លូវជាតិ គ្មានសំរាម សំណល់ប្លាស្ទិក» ដែលជាបុរេលក្ខខណ្ឌកំណត់ភាពជោគជ័យនៃ ភូមិ ឃុំ សង្កាត់ ទាំងអស់ទទួលបានបរិស្ថានស្អាត សោភ័ណភាពល្អ ដែលជាចលកររុញច្រានកំណើនសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្ត ក៏ដូចជាលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុខមាលភាពសាធារណៈ តាមរយៈការ លើកស្ទួយវិស័យទេសចរណ៍ និងទីផ្សារផលិតផលនៅក្នុងមូលដ្ឋាន។
លោក ជួប ប៉ារីស៍ បានអះអាងថា ក្រសួងបរិស្ថាននឹងបន្តចូលរួមយ៉ាងស៊ីជម្រៅក្នុងយុទ្ធសាស្ត្រដើម្បីកម្ពុជាស្អាត ដោយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាបណ្តើរៗ ចាត់ចែងគ្រប់គ្រងសំណល់រឹង និងរាវឱ្យបានសមស្រប ការដាំដើមឈើយ៉ាងហោចណាស់ ១លានដើមក្នុងមួយឆ្នាំៗ ឆ្ពោះទៅការពង្រីកគម្របព្រៃឈើឱ្យបានច្រើននៅឆ្នាំ២០៥០៕