ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងកិច្ចការនារី អំពាវនាវដល់សហគមន៍ទាំងមូល ផ្តល់ឱកាសនិងការសម្រេចចិត្តដល់កូនស្រី តាមរយៈការអប់រំ ការការពារ និងការផ្តល់ឱកាសស្មើភាពគ្នា ក្នុងការអភិវឌ្ឍខ្លួន

image


ភ្នំពេញ៖ លោកស្រី គង់ សូរីតា រដ្ឋលេខាធិការ
តំណាងលោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់អាណាព្យាបាល គ្រូបង្រៀន និងសហគមន៍ទាំងមូល ផ្តល់ឱកាសនិងការសម្រេចចិត្តដល់កូនស្រី តាមរយៈការអប់រំ ការការពារ និងការផ្តល់ឱកាសស្មើភាពគ្នាក្នុងការអភិវឌ្ឍខ្លួន។
ថ្លែងក្នុងពិធីបើកកម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា “Run for Girls, Run for All” ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៥ ក្រោមប្រធានបទ : «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីទាំងអស់គ្នា Girls Leadership for All» នៅមាត់ទន្លេត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ, លោកស្រី គង់ សូរីតា បានអំពាវនាវដល់យុវជន យុវនារី “សូមចងចាំថា ប្អូនៗមានសក្តានុពលគ្មានដែនកំណត់។ សូមកុំខ្លាចក្នុងការបញ្ចេញមតិ ក្លាហាន តស៊ូ និងឈានក្លាយជាអ្នកដឹកនាំនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ។ សូមប្អូនៗហ៊ានសុបិនឱ្យធំ និងដើរតាមក្តីសុបិនរបស់ខ្លួន និងត្រូវចងចាំថា ក្តីសុបិនរបស់ប្អូនៗ គឺជាការកសាងនូវអនាគតសង្គមមួយប្រកបដោយ សុខុដុមនិងចីរភាព។”
លោកស្រីរដ្ឋលេខាធិការ មានប្រសាសន៍ថា កម្មវិធីរត់នេះរៀបចំឡើងដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រីឆ្នាំ ២០២៥ ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីទាំងអស់គ្នា» ។ ទិវាអន្តរជាតិក្មេងស្រី គឺជាយុទ្ធនាការសកលរបស់អង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅជារៀងរាល់ ឆ្នាំនៅថ្ងៃទី១១ ខែតុលា ចាប់តាំងពីឆ្នាំ២០១២មក។ ទិវានេះ ឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការបញ្ឈប់រាល់ទម្រង់នៃការរើសអើង និង រាល់រូបភាព នៃអំពើហិង្សាទៅលើស្ត្រីនិងក្មេងស្រី ព្រមទាំង បង្កើនភាពអង់អាចរបស់ក្មេងស្រី ដោយ ផ្តល់ឱកាស ពេញលេញ ឱ្យក្មេងស្រីអនុវត្តសិទ្ធិ និងសក្តានុពលរបស់ពួកគេលើគ្រប់វិស័យ ។
លោកស្រី គង់ សូរីតា បញ្ជាក់ថា យុទ្ធនាការនេះ ផ្តោតលើគោលដៅចម្បងៗ ចំនួន២ គឺ៖ ទី១). លើកកម្ពស់ការគាំទ្រពីសំណាក់ក្រុមគ្រួសារ សហគមន៍ និងប្រជាជនគ្រប់រូប ជាពិសេសបុរស និងក្មេងប្រុស ក្នុងការអនុញ្ញាតឱ្យក្មេងស្រីទទួលបានឱកាសពេញលេញ អនុវត្ត នូវសិទ្ធិ និងចូលរួមយ៉ាងសកម្ម នៅក្នុង កិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ទី២). បង្កើនការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីឱ្យក្មេងស្រីក្លាយជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយ គុណធម៌ សុជីវធម៌ និងសីលធម៌ នៅក្នុងការអភិវឌ្ឍជីវភាពរបស់ខ្លួន និងក្រុមគ្រួសារ ព្រមទាំង ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី