អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ចាត់តំណាងមូលនិធិទ្រទ្រង់ជនភៀសសឹក យកអំណោយចែកជូនពលរដ្ឋ ២៦៥គ្រួសារ នៅភូមិព្រៃចាន់
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានចាត់តំណាងមូលនិធិទ្រទ្រង់ជនភៀសសឹក ដឹកនាំដោយលោកជំទាវ នៅ សូនីតា អនុប្រធានសមាគមសិល្បករខ្មែរ និងក្រុមការងារសមាគមសិល្បករខ្មែរ នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ២៦៥គ្រួសារ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ការចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ពីសំណាក់មូលនិធិទ្រទ្រង់ជនភៀសសឹក ជូនដល់ប្រជាពលរដ្ឋចំនួន ២៦៥គ្រួសារ នាពេលនេះ គឺជាការគិតគូរពីសំណាក់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ចំពោះការលំបាករបស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ដែលរងគ្រោះ និងរងផលប៉ះពាល់ពីជម្លោះព្រំដែន ជាពិសេស គឺការរំលោភបំពានមកលើផ្ទះសម្បែង និងដីស្រែចម្ការ ដែលពួកគាត់បាននិងកំពុងរស់នៅអាស្រ័យផល។
បើតាមឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រុមទាហានថៃ បានធ្វើការឈ្លានពានដោយរាយបន្លារលួស, ឈូសឆាយផ្ទះពលរដ្ឋ, បាញ់ផ្សែងពុល និងបាញ់កាំភ្លើង មកលើប្រជាពលរដ្ឋនៅភូមិព្រែចាន់ និងភូមិជោគជ័យ ចំនួនពីរលើកដូចគ្នា ដោយបានធ្វើឲ្យពលរដ្ឋ រងរបួសជាង ១០០នាក់ ប៉ុន្តែដោយមានការចូលរួមទប់ស្កាត់ពីប្រជាពលរដ្ឋ និងកងកម្លាំង ទើបទាហានថៃ មិនអាចឈ្លានពានចូលមកទឹកដីកម្ពុជាបន្ថែមទៀត។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃចាន់ មានចំនួន ២៦៥គ្រួសារ មានប្រជាពលរដ្ឋសរុបជាង ៧០០នាក់ និងនៅភូមិជោគជ័យ មានរហូតដល់ជាង ៧០០គ្រួសារ មានពលរដ្ឋជាង ២,៥៥០នាក់។ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋភូមិព្រៃចាន់ទាំងមូល ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង, ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក និងក្រុមការងារសមាគមសិល្បករខ្មែរ ដែលបានផ្តល់ និងនាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនប្រជាពលរដ្ឋនៅភូមិព្រៃចាន់។
ក្នុងនាមអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង, លោកជំទាវ នៅ សូនីតា បានសូមគោរពនូវវីរភាពដ៏អង់អាចក្លាហានរបស់កងមកម្លាំងជួរមុខទាំងអស់ ដែលហ៊ានតស៊ូលះបង់គ្រប់បែបយ៉ាង ឈរជើងយ៉ាងរឹងមាំ ស្វាហាប់ក្នុងកិច្ចការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពីការឈ្លានពានរបស់កងទ័ពថៃ និងបានគោរពនូវទឹកចិត្តគ្រួសារកងកម្លាំងទាំងអស់ដែលបានឈរនៅពីក្រោយយ៉ាងរឹងមាំ។ ជាមួយគ្នានេះ លោកជំទាវ នៅ សូនីតា ក៏បានសូមគោរពកោតសរសើរចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ដែលបានតស៊ូអត់ធ្មត់យ៉ាងខ្លាំងនៅក្នុងស្ថានភាពដ៏លំបាកមួយនេះ។
លោកជំទាវ នៅ សុនីតា ក៏បានពាំនាំនូវការសាកសួរសុក្ខទុក្ខពីសំណាក់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជូនចំពោះប្រជាពលរដ្ឋទាំងអស់ នៅក្នុងគ្រាដ៏លំបាកមួយនេះ និងបានចូលរួមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ និងការចាកចេញពីផ្ទះសម្បែងទាំងបង្ខំ ដើម្បីគេចចេញពីការឈ្លានពានម្តងហើយម្តងទៀតរបស់ប្រទេសថៃ មកលើបូរណភាពទឹកដីប្រទេសកម្ពុជា។
សូមជម្រាបថា អំណោយដែលបានចែកជូននាពេលនេះ ត្រូវបានចូលរួមរៀបចំពីក្រុមការងារសមាគមសិល្បករខ្មែរ និងបុគ្គលិកធនាគារ វីង ដែលរួមមាន អង្ករ មី ទឹកសុទ្ធ ទឹកត្រីទឹកស៊ីអីវ ភួយ នំ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត។
សូមបញ្ជាក់ថា មូលនិធិទ្រទ្រង់ជនភៀសសឹក បង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្រោមកិច្ចសហការរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, សមាគមសិល្បករខ្មែរ, ក្រុមហ៊ុន សែលកាត, ធនាគារ វីង និងក្រុមហ៊ុន CBS។ រហូតមកទល់ពេលនេះ មូលនិធិនេះ បាននាំយកអំណោយដែលទទួលបានពីសប្បុរសជននានា ទៅប្រគល់ជូនជនភៀសសឹក និងជនរងគ្រោះពីជម្លោះព្រំដែនកម្ពុជា-ថៃ និងវីរជនការពារព្រំដែន បានចំនួន ៨លើកហើយ៕
អត្ថបទ៖ចេង ឆហួត និងរូបភាព កែវ សារិទ្ធ, រូបសន្លឹក៖ រតនា