លម្អិតពីទីម័រឡេស្តេដែលក្លាយជាសមាជិកទី១១ របស់អាស៊ានជាផ្លូវការ នៅក្នុងថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥
ទីម័រឡេស្តេ៖ ប្រទេសទីម័រឡេស្តេ (Timor-Leste) ឬទីម័រខាងកើត បានក្លាយជាសមាជិកពេញសិទ្ធិទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ ២០២៥ ដែលធ្វើឱ្យប្លុកអាស៊ានពង្រីកខ្លួនជាលើកដំបូងមិនធ្លាប់មានជិតបីទសវត្សរ៍។ នៅក្នុងថ្ងៃតែមួយនេះ ក៏មាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ក្រោមការជួយរៀបចំជ្រោមជ្រែងពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម ដាតូស៊ើរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) និងប្រធានាធិបតីអាម៉េរិក ឯកឧត្តម ដូណាល់ ចន ត្រាំ ដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ។
គួររម្លឹកថា ប្រទេសទីម័រខាងកើត ដែលមានឈ្មោះពេញថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានដាក់ពាក្យស្នើសុំចូលជាសមាជិកអាស៊ានដំបូងក្នុងឆ្នាំ ២០១១ ហើយទទួលបានឋានៈជាអ្នកសង្កេតការណ៍ក្នុងឆ្នាំ ២០២២ បន្ទាប់ពីមេដឹកនាំនានាបានយល់ព្រម «ជាគោលការណ៍» លើការចូលជាសមាជិក។ ទីម័រខាងកើត មានប្រជាជនជាង ១លាន ៤សែននាក់ មានផលិតផលក្នុងស្រុកសរុប ឬ GDP ប្រហែល ២ពាន់លានដុល្លារអាម៉េរិក ដែលចរន្តសេដ្ឋកិច្ចភាគច្រើនពឹងផ្អែកលើចំណូលពីប្រេងនិងឧស្ម័នដែលមានទំហំប្រហែល ៨០% នៃចំណូលរដ្ឋាភិបាល។ ប្រទេសនេះ មានផ្ទៃដីប្រមាណជា ១៥,០០៧ គីឡូម៉ែត្រការ៉េ (15,007 km2) ដោយប្រជាជនភាគច្រើនកាន់សាសនាគ្រិស្តនិកាយកាតូលិក ។
សេចក្តីប្រកាសនេះ បានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅក្នុងទីក្រុងគូឡាឡាំពួរ ដែលមានប្រទេសម៉ាឡេស៊ីធ្វើជាប្រធានប្ដូរវេនអាស៊ាន និងដឹកនាំដោយលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ជាមួយនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រីទីម័រឡេស្តេ Kay Rala Xanana Gusmão និងនាយករដ្ឋមន្ត្រីចិន Li Qiang ខណៈទង់ជាតិរបស់ទីម័រខាងកើត បានរំលេចឡើងស្របជាមួយបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០ ផ្សេងទៀត រួមមាន ថៃឡង់ដ៍ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី (ស្ថាបនិក) ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា(ជាសមាជិកប្អូនពៅដែលបានចូលរួមជាមួយអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩)។ អំឡុងព្រឹត្តិការណ៍ចុះហត្ថលេខានោះ ក៏មានវត្តមានរបស់លោកប្រធានាធិបតីទីម័រឡេស្តេ José Ramos Horta ផងដែរ ។
រហូតមកដល់ពេលនេះ ប្រជាជននិងមេដឹកនាំទីម័រខាងកើត ក៏បានបង្ហាញនូវការគោរពដឹងគុណចំពោះប្រទេសកម្ពុជា ប្រជាជនកម្ពុជា និងមេដឹកនាំកម្ពុជាផងដែរ បន្ទាប់ពីសម្ដេចតេជោ ហ៊ុនសែន បានជួយជ្រោមជ្រែងយ៉ាងសកម្មជាបន្តបន្ទាប់ ដើម្បីគាំទ្រឱ្យទីម័រឡេស្តេ ក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ហើយកត្តានេះនឹងធ្វើឱ្យទំនាក់ទំនងកម្ពុជានិងទីម័រនឹងកាន់តែរឹងមាំមួយកម្រិតទៀត ខណៈដែលដំណើរការចូលជាសមាជិកពេញលេញរបស់ទីម័រខាងកើតនៅឆ្នាំ ២០២៥ តំណាងឱ្យព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសក្មេងខ្ចីបំផុតនៅក្នុងប្លុកនេះ ក្រោយស្តារឯករាជ្យភាពពីប្រទេសឥណ្ឌូណេស៊ីឡើងវិញ កាលពីឆ្នាំ ២០០២ ។
នាពេលបច្ចុប្បន្ន រដ្ឋាភិបាលទីម័រឡេស្តេ បាននិងកំពុងខិតខំធ្វើការដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈវិស័យកសិកម្ម ទេសចរណ៍ និងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលគេរំពឹងថានឹងជំរុញល្បឿនសេដ្ឋកិច្ចតាមរយៈកិច្ចសហប្រតិបត្តិការអាស៊ាន និងការធ្វើសមាហរណកម្មទីផ្សារក្នុងតំបន់។ បន្ថែមពីនេះ មេដឹកនាំអាស៊ាន បានប្តេជ្ញាបន្តគាំទ្រទីម័រឡេស្តេ ដើម្បីជួយប្រទេសនេះឱ្យកសាងសមត្ថភាពស្ថាប័ន និងសម្របខ្លួនទៅនឹងក្របខ័ណ្ឌនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌របស់អាស៊ាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters, Al Jazeera, Anadolu Agency, Timor Leste Times and Others | រូបភាព-Photo៖ Vincent Thian via AP/ Chalinee Thirasupa via REUTERS/ Mark Schiefelbein via AP