ព័ត៌មានអន្តរជាតិ

មេដឹកនាំសហភាពអឺរ៉ុបបានរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ី ប៉ុន្តែពន្យារការសម្រេចចិត្តលើទ្រព្យសម្បត្តិបង្កក

image

អឺរ៉ុប៖ នៅក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងប្រ៊ុចសែល នាពេលថ្មីៗនេះ មេដឹកនាំសហភាពអឺរ៉ុបបានឯកភាពគ្នាលើទណ្ឌកម្មថ្មីមួយទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលរួមមានវិធានការកំណត់គោលដៅលើឧស្ម័នធម្មជាតិរាវ (LNG) និងការនាំចេញផលិតផលបច្ចេកវិទ្យា។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំទាំងនោះបានពន្យារនូវការសម្រេចចិត្តថាតើត្រូវប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់ធនាគារកណ្ដាលរុស្ស៊ីនៅក្នុងទំហំទឹកប្រាក់ប្រមាណជា ១៤០ ពាន់លានអឺរ៉ូ (ប្រហែល ១៤០ ពាន់លានដុល្លារអាម៉េរិក) ដើម្បីគាំទ្រដល់កម្ចីមានសំណងសម្រាប់អ៊ុយក្រែនដូចដែលបានស្នើឡើងឬយ៉ាងណា។ ប្រទេសបែលហ្ស៊ិក ដែលជាអ្នកកាន់កាប់ទ្រព្យសម្បត្តិបង្កកភាគច្រើននោះ បានជំទាស់នឹងការបន្តសេចក្ដីសម្រេច លុះត្រាតែមានភាពច្បាស់លាស់ផ្នែកច្បាប់បន្ថែមទៀត។

ក្នុងនោះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) បានជំរុញឱ្យសហភាពអឺរ៉ុបចាត់វិធានការយ៉ាងឆាប់រហ័ស ស្របពេលមិនទាន់មានភាពស្រុះស្រួលគ្នាច្បាស់លាស់ ជាពិសេសប្រទេសហុងគ្រី កំពុងបន្តដំណើរការនេះដោយភាពយឺតយ៉ាវ។

ការជជែកដេញដោលនេះបានកើតឡើងនៅពេលប្លុកអឺរ៉ុបកំពុងប្រឈមមុខនឹងកំណើនសម្ពាធ ចំពេលមានជំហរមិនច្បាស់លាស់របស់សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលបន្សល់ទុកនូវសំណួរថាតើសហភាពអឺរ៉ុបនឹងបង្វែរហិរញ្ញវត្ថុបង្កកនៅក្នុងប្លុករបស់ខ្លួន ទៅជាជំនួយផ្ទាល់ដល់អ៊ុយក្រែននៅពេលណា និងដោយរបៀបណា៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ DW News/ Xinhua | រូបភាព-Photo៖ Pascal Bastien via AP on The New York Times/ REUTERS via The Japan Times/ Gard