រមណីដ្ឋានទឹកធ្លាក់ “ឡែងកៅ” ខេត្តមណ្ឌលគិរី កាន់តែទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ បានជួយឱ្យហគមន៍ជនជាតិដើមភាគតិព្នងមានជីវភាពកាន់តែប្រសើ ឈប់ចូលព្រៃកាប់ឈើ និងបាញ់សត្វដូចពេលមុន
មណ្ឌលគិរី៖ តំបន់អេកូទេសចរណ៍ទឹកធ្លាក់ “ឡែងកៅ” ដែលមានទឹកធ្លាក់បីតំណាក់ ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ទឹកធ្លាក់នេះនៅមិនឆ្ងាយពីផ្លូវជាតិឆ្ពោះទៅកាន់ទីរួមខេត្តមណ្ឌលគិរីទេ។ ទីនេះគឺជាតំបន់ទេសចរណ៍ដ៏ល្អឯកមួយក្នុងចំណោមតំបន់ទេសចរណ៍បែបធម្មជាតិក្នុងទឹកដីខេត្តប៉ែកភាគឦសាននៃប្រទេសកម្ពុជា ដែលកំពុងលាក់ខ្លួនក្នុងព្រៃប្រកបដោយសក្តានុពល និងក៏ជាទីតាំងរស់នៅរបស់ជនជាតិដើមភាគតិច ពូនង(ព្នង) កំពុងស្រូបទាញអ្នកទេសចរឱ្យចូលកម្សាន្តដែលមានប្រជាសហគមន៍ចាំស្វាគមន៍ជារៀងរាល់ថ្ងៃ។
ភ្ញៀវទេសចរដែលចង់ទៅលេងកម្សាន្តទឹកធ្លាក់ឡែងកៅនេះ គ្រាន់តែធ្វើដំណើរថ្មើរជើងពីផ្លូវក្រាលកៅស៊ូជាង ៥០០ម៉ែត្រប៉ុណ្ណោះ នឹងបានឃើញទឹកធ្លាក់ពីលើកំពូលភ្នំមួយកន្លែងដែលមានភាពទាក់ទាញ លាយឡំនឹងអាកាសធាតុត្រជាក់អមដោយព្រៃឈើស្រស់បំព្រងនារដូវវស្សា។
អ្នកនាង ច្រេង បេត ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅ បានឱ្យដឹងថា ទឹកធ្លាក់ដែលមានប្រវត្តិផ្សាភ្ជាប់ដោយរឿងព្រេងនិទាន និងមានភាពស្រស់ស្អាតពីធម្មជាតិអំណោយផលមួយនេះ បានទទួលប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។ នៅឆ្នាំ២០២៤ និង២០២៥ មានភ្ញៀវទេសចរណ៍ចូលកម្សាន្តប្រមាណជាង ១២០០នាក់ បានផ្តល់ប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍ផ្គត់ផ្គង់គ្រួសារ។ តំបន់កម្សាន្តនេះមានបម្រើរបាំប្រពៃណីជនជាតិដើមភាគតិចពូនង ទស្សនាផ្ទះស្នាក់ និងក៏មានទទួលសេវាធ្វើម្ហូបអាហារបែបជនជាតិដើមភាគតិចផងដែរ។ ក្រៅពីសេវាកម្មទាំងនេះប្រជាសហគមន៍ក៏មានទីតាំងបោះតង់ សេវ៉ានាំដើរកម្សាន្តព្រៃភ្នំ មើលទេសភាពដ៏ស្រស់ត្រកាល ស្តាប់ និងមើលសត្វព្រៃ ងូតទឹកជ្រោះកម្សាន្តសម្បាយ ជាដើម។
អ្នកនាង ច្រេង បេត បានឱ្យដឹងថា តាមរយៈការបង្កើតតំបន់ទេសចរណ៍ទឹកធ្លាក់ ឡែងកៅ នេះដែរ បានជួយច្រើនដល់សហគមន៍ ដូចជា ជួយបង្កើតការងារ មិនឱ្យប្រជាសហគមន៍ធ្វើចំណាកស្រុកទៅធ្វើការឆ្ងាយៗទៀតឡើយ ព្រោះប្រជាពលរដ្ឋសហគមន៍មានការងារធ្វើលែងពឹងផ្អែកលើព្រៃឈើ ឬសត្វព្រៃដូចសម័យមុនៗទៀតហើយ។
ទាក់ទងនឹងតំបន់សហគមន៍ទេសចរណ៍នេះដែរ លោក ខ្វៃ អាទិត្យា មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន នឹងរៀបចំរបៀងទេសចរណ៍ធម្មជាតិតាមសហគមន៍នៅខេត្តមណ្ឌលគិរី ដែលជាផ្នែកមួយធានា និងជួយលើកស្ទួយដល់ជីវភាពប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែមពីសេវាអេកូទេសចរណ៍ធម្មជាតិ។ របៀងទេសចរណ៍ធម្មជាតិ គឺជាការតភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយទៅមួយទៀត ដែលមានសក្តានុពល និងលក្ខណៈខុសប្លែកគ្នា មិនប្រកួតប្រជែងគ្នា តែអាចបំពេញឱ្យគ្នាទៅវិញទៅមកបាន។ ការអនុវត្តបែបនេះ ជាភាពទាក់ទាញថ្មីមួយដែលជំរុញឱ្យភ្ញៀវទេសចរចង់ដើរកម្សាន្តពីតំបន់ធម្មជាតិមួយទៅតំបន់ធម្មជាតិមួយទៀត។
លោក ខ្វៃ អាទិត្យា បានបញ្ជក់ថា តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅ ទើបតែបង្កើតឡើងក្នុងឆ្នាំ២០២២ ក្រោមការគាំទ្រពីគម្រោង REDD+ កែវសីមា របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។ ក្រៅពីមានទឹកធ្លាក់ ៣ជាន់ហើយនោះ តំបន់អេកូទេសចរណ៍ស្ថិតនៅលើផ្ទៃដីជាង ១៨ហិកតាក្នុងដែនជម្រកសត្វព្រៃកែវសីមានេះ ក៏មានផ្ទាំងថ្មធំៗ ដើមឈើធំៗ ដែលមានភាពស្រស់បំព្រង ប្រកបដោយមនោរម្យសម្រាប់អ្នកទេសចរទីជិតឆ្ងាយចូលកម្សាន្ត ផងដែរ៕