សហភាពសហព័ន្ធយុវជនកម្ពុជា អបអរសាទរ "ពានរង្វាន់អាស៊ាន" ដែលជាសក្ខីភាពនៃការទទួលស្គាល់ការលះបង់របស់ ស.ស. យ.ក. ក្នុងការរួមចំណែកកសាងសហគមន៍សុខដុមអាស៊ាន និងសង្គម
ភ្នំពេញ៖ គណៈប្រតិភូ ដឹកនាំដោយលោកស្រី ដាំ ដារ៉ានី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៧ខែតុលា ឆ្នាំ២០២៥នេះ បាននាំ
ពានរង្វាន់អាស៊ាន មកដល់មាតុប្រទេសកម្ពុជា បន្ទាប់ពីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានប្រគល់ជូនកាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
លោកស្រី ដាំ ដារ៉ានី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ការផ្តល់នូវពានរង្វាន់អាស៊ាន ដល់សហ ភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាការទទួលស្កាល់នូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ ស.ស.យ.ក. ក្នុងការរួមចំណែកកសាងសហគមន៍សុខដុមអាស៊ាន។
សហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា ការផ្តល់ពានរង្វាន់នេះ ជាសក្ខីភាពនៃការទទួលស្គាល់ការលះបង់ និងស្នាដៃរបស់សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់រូបក្នុងបុព្វហេតុជាតិ មាតុភូមិ និងតួនាទី ក្នុងការចូល រួមកសាងសន្តិភាព និងការអភិវឌ្ឍសហគមន៍អាស៊ាន។
សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសមានមោទនភាពក្រៃលែង ដែល ស.ស.យ.ក.ទទួលបាននូវការទទួល ស្គាល់ ជាអន្តរជាតិ ចំពោះសមិទ្ធផលនា នា ដែលខ្លួនសម្រេចបាន ជាពិសេសចំ ពោះការលះបង់របស់សមាជិក សមាជិកាគ្រប់រូបនៃស្ថាប័ននេះ។ សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស ដែលជា និច្ចកាលតែងតែចូលរួមការងារសង្គម និងការងារស្ម័គ្រចិត្តផ្សេងៗ ជាពិសេសចូលរួមក្នុងព្រឹត្តិការណ៍ដែលបង្ហាញពីមោទនភាពជាតិនាពេលកន្លងមក រហូតបានទទួលពានរង្វាន់ ASEAN Prize 2025 ។
សូមបញ្ជាក់ថា ASEAN Prize គឺជាពាន រង្វាន់មួយត្រូវបានបង្កើតឡើងដើម្បីទទួល ស្គាល់សមិទ្ធផលដ៏គួរឱ្យស្ញប់ស្វែងរបស់ប្រជាពលរដ្ឋអាស៊ាន ឬអង្គការ ដែលមានមូលដ្ឋានក្នុងតំបន់អាស៊ាន ដែលបានរួមចំណែកដ៏ធំធេង ក្នុងការជំរុញកិច្ចដំណើរការកសាងសហគមន៍អាស៊ាន ជាពិសេសការពង្រឹងអត្តសញ្ញាណនិងស្មារតីអាស៊ាន និងការលើកស្ទួយ “មាគ៌ាអាស៊ាន”(ASEAN Way)។
ពានរង្វាន់នេះត្រូវបង្កើតឡើងតាំងពីឆ្នាំ ២០១៨មកម្លេះ នៅ ពេលដែលប្រទេសសិង្ហបុរី ធ្វើជាប្រធានអាស៊ាន។ លេខាធិការដ្ឋានអាស៊ាន ទទួលបន្ទុកគ្រប់គ្រងរៀបចំចាត់ចែង ដោយសហការជាមួយដៃគូនានា។
ដោយឡែកកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ប្រធានគណៈកម្មការវាយតម្លៃពានរង្វាន់អាស៊ាន ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានជ្រើសរើសជាជ័យលាភីពានរង្វាន់អាស៊ាន ឆ្នាំ២០២៥។
លោកអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ថា គណៈកម្ម ការវាយតម្លៃ បានទទួលស្គាល់តួនាទីដ៏សកម្មរបស់ ស.ស.យ.ក. ក្នុងការលើកកម្ពស់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីអាស៊ាន។ ស.ស.យ.ក. ក្នុងការចូលរួមចំណែកកសាង និងប្រមូលផ្តុំចលនាយុវជនគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និងនិន្នាការនយោបាយ ដើម្បីមករួបរួមគ្នា ធ្វើសកម្មភាពមនុស្សធម៌ និងស្ម័គ្រចិត្តដើម្បីបម្រើផលប្រយោជន៍ជាតិ និងមាតុភូមិ។ការរួមចំណែកដ៏សំខាន់របស់ ស.ស.យ.ក. ចំពោះសមាហរណកម្មតំបន់ តាមរយៈគំនិតផ្តួចផ្តើម ដោយយុវជន និងគំនិតផ្តួច ផ្តើមឆ្លងកាត់វប្បធម៌ជាច្រើន។
កិច្ចខិតខំប្រឹងប្រែងរបស់ ស.ស.យ.ក. ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់វប្បធម៌ និងលើកកម្ពស់ការកសាងសន្តិភាពក្នុងចំណោមយុវជនអាស៊ាន និងដៃគូសកលរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងរបស់ ស.ស.យ.ក. ក្នុងការសម្របសម្រួល ឱ្យមានការចូលរួមរបស់យុវជន តាមរយៈការអភិវឌ្ឍសមត្ថភាព និងការជំរុញឱ្យមានការចូលរួមរបស់សហគមន៍។
ការខិតខំប្រឹងប្រែងរបស់សមាជិកសមាជិការ ស.ស.យ.ក. គ្រប់ៗរូបដែលបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពនានាក្រោមទិសស្លោក "យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ”។
ការទទួលពានរង្វាន់នេះ គឺជាការឆ្លុះបញ្ចាំងពីការបន្តបេសកម្មរបស់ស.ស.យ.ក.ឥតឈប់ក្នុងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋ កិច្ច សកម្មភាពមនុស្សធម៌ សប្បុរសធម៌ កន្លងមក។
ស.ស.យ.ក.ក៏ជាសមាគមយុវជនដ៏ធំមួយ ដែលមានតួនាទីយ៉ាងសកម្មក្នុងការផ្សាភ្ជាប់ទំនាក់ទំនង និងការកសាងសហ គមន៍ មិនថាក្នុងកាលៈទេសៈបែបណានៅតែបន្តជួយដើម្បីប្រជាជនកម្ពុជាក្នុង ស្មារតីខ្មែរតែមួយរួមគ្នាជាធ្លុងមួយ៕
អត្ថបទ៖ វង សុភ័ក្ត្រ