ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រារព្ធពិធីក្រុងពាលី បើកការដ្ឋានសាងសង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា

image

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧តុលា២០២៥នេះ លោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យក្នុងការបើកការដា្ឋនសាងសង់ប្រព័ន្ធរំដោះទឹកនេះ។

យោងតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយការសិក្សាលម្អិតពីក្រុមការងារបច្ចេកទេស ក្នុងទីតាំងវិមានព្រឹទ្ធសភា ឃើញថា ទិន្ន័យផ្ទៃក្រឡាទំហំ ១៧០០០ម៉ែត្រការ៉េបានលិចដោយបរិមាណទឹកភ្លៀង និងបរិមាណទឹកដែលច្រាលចេញពីលូរដ្ឋមុខកាត់១ម៉ែត្រកន្លះ ហូរចូលក្នុងទីតាំងវិមានព្រឹទ្ធសភា។ ដូច្នេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចសាងសង់ប្រព័ន្ធរំដោះទឹកក្នុងវិមានព្រឹទ្ធសភានេះ។

ការដ្ឋាននេះ ជាគម្រោង នឹងត្រូវសាងសង់លូមូល មុខកាត់ទំហំ១ម៉ែត្រ ភ្ជាប់ទីតាំងរីហ្គែរចាស់មានស្រាប់ ចូលទីតាំងរីហ្គែរបេតុងថ្មី ជាប់អាងស្តុកទឹក និងតភ្ជាប់លូមូលមុខកាត់១ម៉ែត្រ ចូលរីហ្គែរបេតុងទ្វាទឹកថ្មីដែលលូមូលមុខកាត់១ម៉ែត្រមានប្រវែងសរុប ៣០ម៉ែត្រ។ សាងសង់អាងស្តុកទឹកភ្លៀងទំហំ ៧៥ម៉ែត្រ គុណ៤ម៉ែត្រ មានកម្ពស់៣.២ម៉ែត្រ។ សាងសង់អាងស្តុកទឹកភ្លៀងសាងសង់ពីបេតុងឆ្អឹងដែក មានប្រវែង៧៥ម៉ែត្រទទឹង៤ម៉ែត្រ កម្ពស់៣.២ម៉ែត្រ អាចស្តុកទឹកភ្លៀងបណ្តោះអាសន្នបានទំហំ ៩៦០ម៉ែត្រគូប។ តម្លើងម៉ូទ័របូមទឹកចំនួន ៣គ្រឿង នឹងតម្លើងត្រង់ស្នូរ ២៥០kva ភ្ជាប់ចូលទូរបញ្ជារម៉ូទ័របូម។ ម៉ូទ័របូមទឹកចំនួន៣គ្រឿង អាចបូមទឹកបានបរិមាណមធ្យមចន្លោះពី ២៤០០ម៉ែត្រគូបទៅ៣០០០ម៉ែត្រគូបក្នុងមួយម៉ោង ដែល ម៉ូទ័របូមទឹក១គ្រឿងមានទំនង់៧០០គីឡូក្រាម។

ចាក់បេតុឆ្អឹងដែកកម្រាស់១៥សង់ទីម៉ែត្រ ក្រឡាផ្ទៃ ៥០០ម៉ែត្រការ៉េនឹងកៅស៊ូ AC កម្រាស់៥០មីលីម៉ែត្រមានក្រឡាផ្ទៃ ១០០០ម៉ែត្រការ៉េ។ ចាក់បេតុងបន្ថែមភ្ជាប់បេតុងអាងទឹកអោយបានទំហំទទឹង៦ម៉ែត្រ នឹងការងារអ៊ុតកៅស៊ូ AC កម្រាស់ ៥០ម៉ែត្រទទឺង៦ម៉ែត្រ។

យោងតាមមន្ត្រីដដែល បានបញ្ជាក់ថា គម្រោងនេះ អនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់ពេលវេលានៃការស្ថាបនាក្នុងរយៈ ពេល៣ខែ ដោយគិតចាប់ពីថ្ងៃទី១ វិច្ឆិកា ២០២៥ នឹងត្រូវបញ្ចប់នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦៕