ព័ត៌មានជាតិ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

image



ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យលោក Benjamin Moreau តំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា (OHCHR) ចូលជួបពិភាក្សាការងារនៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។ កិច្ចជំនួបនេះភាគីទាំងពីរបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះ លោក Benjamin Moreau និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR ប្រចាំប្រទេសកម្ពុជា នាពេលកន្លងមក ជាពិសេសការសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុសាសន៍ ដែលទទួលបានមកពីការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា។ ទន្ទឹមនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីការប៉ះទង្គិចគ្នារវាងប្រទេសថៃ និងប្រទេសកម្ពុជា ផងដែរ។ លោកបានគូសបញ្ជាក់ពីការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កុំឱ្យមានការរើសអើង ឬប្រើអំពើហិង្សាលើជនជាតិថៃដែលកំពុងរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតលើទឹកដីកម្ពុជា ព្រមទាំងអ្នកជាប់ឃុំក្នុងពន្ធនាគារដែលជាជនជាតិថៃ។ បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រីបានលើកឡើងពីការដាក់ចេញនូវវិធានការ និងការប្រើប្រាស់យន្តការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្នុងការសម្របសម្រួល និងគាំទ្រការវិលត្រឡប់របស់ពលករទេសន្តប្រវេសន៍មកប្រទេសកម្ពុជាវិញ ផងដែរ។

ក្នុងកិច្ចជំនួបនេះ លោក Benjamin Moreau បានគូសបញ្ជាក់ពីការតាមដានយ៉ាងយកចិត្តទុកដាក់របស់ OHCHR ក្នុងព្រឹត្តិការណ៍ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលមានការចូលរួមធ្វើជាសាក្សីពីសំណាក់ លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ លោក Benjamin បានរំលេចពីតួនាទីរបស់ OHCHR ក្នុងការប្រមូល និងកត់ត្រាព័ត៌មានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដើម្បីតម្លាភាព និងគណនេយ្យភាព ក្នុងការរួមចំណែកដោះស្រាយជម្លោះដោយសន្តិវិធី ក៏ដូចជាការកសាងទំនុកចិត្តឡើងវិញ។ លោក Benjamin ក៏បានគូសបញ្ជាក់ពីគម្រោងក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាង OHCHR ប្រចាំប្រទេសកម្ពុជា និងគ.ស.ម.ក. ដូចជា កិច្ចសហការរៀបចំការលើកកម្ពស់ការយល់ដឹងស្តីពី ស្ថាប័នជាតិសិទ្ធិមនុស្ស សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជារបាយការណ៍ពាក់កណ្តាលអាណត្តិក្នុងការអនុវត្តអនុសាសន៍ UPR ជុំទី៤ ជាដើម។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានស្វាគមន៍នូវគម្រោងកិច្ចសហប្រតិបត្តិការនេះ ជាពិសេសសិក្ខាសាលាក្នុងការលើកកម្ពស់ការយល់ដឹងស្តីពី ស្ថាប័នជាតិសិទ្ធិមនុស្ស និងបានគូសបញ្ជាក់ពីគម្រោងសហការជាមួយនឹងប្រទេសអូស្ត្រាលី ក្នុងការរៀបចំសិក្ខាសាលាស្តីពី ការលើកកម្ពស់ការយល់ដឹង និងការចែករំលែកការអនុវត្តល្អៗ ពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ជាដើម៕