ព័ត៌មានអន្តរជាតិ

មន្ត្រីចិន-អាម៉េរិក ឈានដល់ការឯកភាពគ្នាជាបឋមផ្នែកពាណិជ្ជកម្ម មុនជំនួបរវាងប្រធានាធិបតីទាំងពីរ

image



អាម៉េរិក-ចិន៖ មន្រ្តីពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាម៉េរិកនិងចិន បានជួបគ្នានៅក្នុងទីក្រុងគូឡាឡាំពួរ កាលពីចុងសប្ដាហ៍កន្លងទៅ ហើយក៏បានឈានដល់ការឯកភាពគ្នាជាបឋម លើបញ្ហាពាណិជ្ជកម្ម។ រដ្ឋមន្រ្តីក្រសួងរតនាគារអាម៉េរិក និងឧបនាយករដ្ឋមន្ត្រីចិន បានពិភាក្សាលើប្រធានបទជាច្រើន រួមមាន ការត្រួតពិនិត្យការនាំចេញ ពន្ធគយ ការពង្រីកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន ដូចជាហ្វេនតាណុលជាដើម ដោយមន្ត្រីទាំងពីរបានយល់ស្របថា ទំនាក់ទំនងពាណិជ្ជកម្មដែលមានស្ថិរភាព ផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ។

ការឯកភាពគ្នានេះ បានបង្កើតដោយជោគជ័យនូវក្របខ័ណ្ឌមួយសម្រាប់ការប្រជុំដ៏សំខាន់ដែលនឹងមកដល់ក្នុងពេលឆាប់ៗ រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ គេរំពឹងថា ជំនួបរវាងមេដឹកនាំទាំងពីរ នឹងធ្វើឡើងឆាប់ៗនៅក្នុងសប្តាហ៍នេះ នៅក្រៅកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសកូរ៉េខាងត្បូង ។

កិច្ចពិភាក្សាទាំងនេះ នឹងកើតឡើងចំពេលមានកំណើនភាពតានតឹងផ្នែកពាណិជ្ជកម្ម ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មបច្ចុប្បន្ននឹងផុតកំណត់ក្នុងពេលឆាប់ៗ។ ថ្មីៗនេះ សហរដ្ឋអាម៉េរិក ក៏បានគំរាមផងដែរលើការកំណត់ពន្ធគយថ្មី ដើម្បីឆ្លើយតបទៅនឹងវិធានការដាក់កម្រិតរបស់ចិនលើការនាំចេញប្រភេទរ៉ែកម្រមួយចំនួន។ ការឯកភាពគ្នាជាបឋមនេះ បានត្រួសត្រាយផ្លូវសម្រាប់ប្រធានាធិបតីទាំងពីរ ក្នុងការប៉ុនប៉ងធានាឱ្យបាននូវការពន្យារ ឬបញ្ចប់ជម្លោះពាណិជ្ជកម្មថ្មីក្នុងរយៈពេលវែង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ South China Morning Post/ REUTERS