ព័ត៌មានអន្តរជាតិ

ឥណ្ឌា-អាស៊ាន រៀបចំគំនិតផ្ដួចផ្ដើមឆ្នាំ ២០២៦ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន

image



ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី (Narendra Modi) កាលពីចុងសប្ដាហ៍កន្លងទៅ បានសង្កត់ធ្ងន់លើភាពជាដៃគូដែលកំពុងរីកចម្រើនខ្លាំងរវាងប្រទេសឥណ្ឌា និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូលរួមនៅក្នុងទីក្រុងកូឡាឡាំពួរ ។

លោកបានបញ្ជាក់ថា ទំនាក់ទំនងនេះ មិនមែនត្រឹមតែមានភូមិសាស្ត្រក្បែរគ្នានោះទេ ប៉ុន្តែបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ ចែករំលែកតម្លៃរួម និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវប្បធម៌ ដោយលោកបានចាត់ទុកឥណ្ឌា-អាស៊ានថាជាដៃគូរួមដំណើរជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នាប៉ែកខាងត្បូងសកល ។

ដើម្បីពង្រឹងទំនាក់ទំនងនេះ នាយករដ្ឋមន្ត្រីម៉ូឌី បានប្រកាសថា ឆ្នាំ ២០២៦ នឹងមានការរៀបចំគំនិតផ្តួចផ្ដើម «ឆ្នាំនៃកិច្ចសហប្រតិបត្តិការដែនសមុទ្រអាស៊ាន-ឥណ្ឌា» នៅក្នុងគោលដៅដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យសំខាន់ៗ ដូចជា ការពារសន្តិសុខដែនសមុទ្រ អភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់ពាណិជ្ជកម្ម ។

បន្ថែមពីនេះ លោកក៏បានកត់សម្គាល់ដែរថា កិច្ចសហប្រតិបត្តិការរបស់ឥណ្ឌាកំពុងកើនឡើងយ៉ាងឆាប់រហ័សក្នុងវិស័យសន្តិសុខដែនសមុទ្រ និងសេដ្ឋកិច្ចបៃតង ហើយសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រនេះ ទទួលបានការគាំទ្រផងដែរពីលោកប្រធានាធិបតីហ្វីលីពីន ហ្វឺដឺណាន់ រ៉ូម៉ូដេស ម៉ាកូស ជូញៀរ (Ferdinand Romualdez Marcos Jr.) ។

មេដឹកនាំឥណ្ឌារូបនេះ បានសង្កត់ធ្ងន់ថា ទាំងអាស៊ាន និងឥណ្ឌា ត្រូវតែបន្តប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ដើម្បីធានាថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូលរក្សាបាននូវស្ថិរភាព និងវិបុលភាព ខណៈកិច្ចពិភាក្សាទាំងនេះ ធ្វើឡើងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ប្រធានាធិបតិអាម៉េរិក ឯកឧត្តម ដូណាល់ ចន ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម ដាតូ សេរី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជួយសម្របសម្រួលលើបញ្ហានេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ X/@NarendraModi via PTI/ AFP