ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី៖ កម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីបច្ចុប្បន្ន ឈរនៅកម្រិតទំនើបលើសរដ្ឋនុយក្លេអ៊ែរដទៃ

image



រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពុទីន (Vladimir Putin) កាលពីចុងសប្ដាហ៍កន្លងទៅ បានប្រកាសថា រុស្ស៊ីបានបញ្ចប់ការធ្វើតេស្តចុងក្រោយនៃគ្រូសមីស៊ីល (មានសមត្ថភាពគេចពីការចាប់សញ្ញាដោយប្រព័ន្ធរ៉ាដា) ដើរដោយថាមពលនុយក្លេអ៊ែរថ្មីមួយប្រភេទឈ្មោះ ប៊ូវ៉េសនីក (Burevestnik) ។

ជាងនេះទៀត លោកពុទីន អះអាងដែរថា គ្មានប្រទេសណាផ្សេងមានអាវុធពិសេសប្រភេទបែបនេះទេ ហើយការធ្វើតេស្តខាងលើនេះ បង្ហាញថា កម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីនាពេលបច្ចុប្បន្ន គឺឈរនៅកម្រិតដ៏ទំនើបបំផុត លើសពីរដ្ឋនុយក្លេអ៊ែរដទៃទៀតទាំងអស់ ។

ទន្ទឹមនឹងនោះ នាយអគ្គសេនាធិការរុស្ស៊ី លោក វ៉ាលេរី ហ្គេរ៉ាស៊ីម៉ូវ (Valeri Gerasimov) បានរាយការណ៍ពីព័ត៌មានលម្អិតនៃការតេស្តបាញ់បង្ហោះសាកល្បងដោយជោគជ័យ។ មីស៊ីលប៊ូវ៉េសនីក (Burevestnik) បានចំណាយពេល ១៥ម៉ោង ដោយហោះក្នុងចម្ងាយ ១៤,០០០ គីឡូម៉ែត្រ។ ដោយសារតែដើរដោយថាមពលនុយក្លេអ៊ែរ ធ្វើឱ្យមីស៊ីលប្រភេទនេះ មានរយៈចម្ងាយបាញ់ស្ទើរតែគ្មានដែនកំណត់ ឬមានន័យថា អាចហោះបានទៅដល់គ្រប់ទីកន្លែងក្នុងពិភពលោក ។

លោកហ្គេរ៉ាស៊ីម៉ូវ បានបន្ថែមថា មីស៊ីលនេះមានភាពត្រឹមត្រូវខ្ពស់ និងអាចប្រើប្រាស់ប្រឆាំងនឹងគោលដៅដែលមានការការពារយ៉ាងរឹងមាំ។ លោកបានបញ្ជាក់ដែរថា មីស៊ីលនេះ មានសមត្ថភាពខ្ពស់ក្នុងការគេចចេញពីប្រព័ន្ធការពារមីស៊ីល និងដែនអាកាសរបស់សត្រូវ ហើយអាវុធប្រភេទនេះ រចនាឡើងដើម្បីធានាសន្តិសុខរបស់រុស្ស៊ីឱ្យបានពេញលេញ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Illustrative photo by Depositphotos