គម្រោង REDD+ កែវសីមា ផ្តល់អាហាររូបករណ៍ដល់សិស្ស-និស្សិត ជាដូនចៅជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ជិត១០០នាក់ហើយរហូតមកដល់ពេលនេះ
មណ្ឌលគិរី៖ គម្រោងរេដបូកកែវសីមា (REDD+) នៅខេត្តមន្ឌលគិរី ដែលអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន បានផ្តល់អាហាររូបករណ៍តាមរយៈដៃគូរអភិវឌ្ឍន៍សម្រាប់ផ្តល់ដល់សិស្សរៀនថ្នាក់សាកលវិទ្យាល័យ សិស្សជំនាញវិជ្ជាជីវៈ និងអាហាររូបករណ៍សម្រាប់សិក្សាពីថ្នាក់ទី១០ ដល់១២។ តាមរយៈអាហាររូបករណ៍នេះ បានធ្វើឱ្យយុវជ យុវនារី ដែលជាកូនចៅជនជាតិដើមភាគតិចព្នង(ពូនង) បានបន្តសិក្សា និងបានចេញធ្វើការរកប្រាក់ចំណូលដោយមិនពឹងផ្អែកលើធនធានព្រៃឈើដូចពេលមុនទៀតទេ។
លោក ខែម វាសនា មន្ត្រីសម្របសម្រួលអង្គការWCS បានឱ្យដឹងថា គម្រោងរេដបូកកែវសីមា បានផ្តល់សម្រាប់សិស្សជនជាតិដើមភាគតិចបានទៅសិក្សានៅតាមសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញចំនួន ៥នាក់ ដោយពេលនេះបានបញ្ចប់ការសិក្សាហើយដែរ។ ក្នុងចំណោមនិស្សិតដែលបានទទួលអាហាររូបករណ៍ទាំងអស់នេះបានចូលធ្វើការតាមអង្គការ និងមួយចំនួនទៀតបានចូលបម្រើការងារតាមស្ថាប័នរដ្ឋ។ ក្នុងឆ្នាំ២០២៥ គម្រោងអាហាររូបករណ៍ នឹងធ្វើការជ្រើសរើសសិស្សចំនួន ១០នាក់ បន្ថែមទៀត ដែលសុទ្ធសឹងជាជនជាតិដើមភាគតិច រស់នៅក្នុងដែនជម្រកកែវសីមា នៅសាលាភូមិន្ទកសិកម្ម។ ក្រៅពីនេះក៏មានការជ្រើសរើសសិស្សអាហាររូបករណ៍ជំនាញវិជ្ជាជីវៈចំនួន ៥នាក់ បន្ថែមទៀតដោយពួកគេអាចរៀនបានរយៈពេល២ឆ្នាំ។ រហូតមកដល់ពេលបច្ចុប្បន្ន ការផ្តល់អាហាររូបករណ៍មានប្រមាណជិត ១០០នាក់ រួចមហើយ។
យុវជន ណាក់ ដាលីន ជាជនជាតិដើមភាគតិច ពូនង ក្នុងវ័យ២១ឆ្នាំ ជាសិស្សដែលបានទទួលអាហាររូបករណ៍តាមរយៈគម្រោងរេដបូកកែវសីមា ចាប់ពីឆ្នាំ២០២៤ដល់ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា តាមរយៈអាហាររូបករណ៍ននេះត្រូវបានគេឧបត្ថម្ភទាំងការបង់ថ្លៃសិក្សា ប្រាក់សម្រាប់ការសិក្សា និងការជួយឧបត្ថម្ភមួយចំនួនទៀតបានធ្វើឱ្យរូបគេអាចសិក្សាមុខជំនាញពេញលេញ ពោគឺ មិនលំបាកសម្រាប់ក្រុមគ្រួសារក្នុងការរែកពន់ថវិការរៀនសូត្រនោះទេ។
យុវជនរូបនេះបានឱ្យដឹងទៀតថា ក្រោយបញ្ចប់មុខជំនាញទៅក្រៅអំពីការសង្ឃឹមជឿជាក់ថាមានការងារធ្វើហើយ យុវជនរូបនេះក៏ដូចជាសិស្ស និស្សិតដទៃទៀតនឹងបានរួមគ្នាចូលរួមកសាងសហគមន៍ ដែលជាជាតិដើមភាគតិចពូនង កាន់តែប្រសើរឡើង និងមានការរីកចម្រើនដោយមិនចាំបាច់ពឹងផ្អែកលើធនធានធម្មជាតិដូចពេលមុននោះឡើយ។
ជាមួយគ្នានេះ កញ្ញា នុត លក្ខិណា ក៏បានទទួលអាហាររូបករណ៍រយៈពេល២ឆ្នាំក្នុងមុខជំនាញកុំព្យូទ័រនោះ ក៏បានឱ្យដឹងដែរថា ការបានរៀនមុខជំនាញពិតជាបានជួយដល់ក្រុមជនជាតិភាគតិចរបស់កញ្ញាយ៉ាងច្រើន ព្រោះមិនត្រឹមសិក្សាមិនចំណាយថវិការទេ តែក៏ទទួលការបណ្តុះបណ្តាលដោយផ្តល់ថវិការសម្រាប់ចាយវាយមួយផ្នែកប្រចាំថ្ងៃផង។ កញ្ញាសង្ឃឹមថាការទទួលបានបណ្តុះបណ្តាលនេះនឹងជួយឱ្យងាយរកការងារធ្វើនៅពេលលបញ្ចប់ការសិក្សា។
ទាក់ទងនឹងគម្រោងនេះដែរ លោក ខ្វៃ អាទិត្យា មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គម្រោងរេដបូកបានជួយទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវថ្នល់ សាលារៀន ផ្តល់អាហាររូបករណ៍ដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតបន្តការសិក្សាទាំងក្នុងការសិក្សាវិទ្យាល័យរហូតដល់ការបន្តការសិក្សាដល់សាកលវិទ្យាល័យ។ គម្រោងនេះមិនត្រឹមតែជួយដល់សហគមន៍តំបន់ការពារធម្មជាតិឱ្យមានការវិវឌ្ឍរីកចម្រើនទេ តែក៏បានជួយដល់កូនចៅសហគមន៍មូលដ្ឋានមានចំណេះដឹងសម្រាប់កសាងធនធានមនុស្សឱ្យកាន់តែសម្បូរបែបនៅកម្ពុជាទៀតផង។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្តប់លើផ្ទៃដី ៣១៧ ៤៥៦ហិកតា ស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដោយមួយផ្នែកធំស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និងផ្នែកតូចមួយស្ថិតនៅក្នុង ខេត្តក្រចេះ។ គម្រោងនេះ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និងការរេចរិលនៃព្រៃឈើ (REDD+) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ គម្រោងនេះផ្តោតលើសកម្មភាពសំខាន់ៗ ដូចជា ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋាន ការលើកកម្ពស់ជីវភាពសហគមន៍ ការស្រាវជ្រាវ និងត្រួតពិនិត្យតាមដានជីវៈចម្រុះ ផងដែរ៕