ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បន្តផ្តល់ធុងសំរាម ២៣៥៨ធុង ដល់រដ្ឋបាលខេត្តកំពត ចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ដើម្បីកម្ពុជាស្អាត និងប្រជាពលរដ្ឋមានសុខភាពល្អ

image



កំពត៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៥ បានប្រគល់ជូនធុងសំរាម ២ ៣៥៨ធុង ជូនទៅរដ្ឋបាលខេត្តកំពត ដើម្បីចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ទៅទូទាំងខេត្តកំពត។

សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតី និងបានប្រគល់ធុងសំរាមជានិមិត្តរូបជូនទៅរដ្ឋបាលខេត្តកំពត តំណាងដោយ លោក មឿង គង្គារ អភិបាលរងខេត្តកំពត និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពត មន្ទីរ អង្គភាព ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ នៅក្រុងកំពត ខេត្តកំពត។

លោក សាបូ អូហ្សសាណូ បានថ្លែងថា ក្រសួងបរិស្ថានបានចែកជូននៅធុងសំរាមជាច្រើនដល់រដ្ឋបាលខេត្ត ដើម្បីបន្តចែកជូនចំនួន ៣ធុងសំរាម ដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ។ ម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាមដែលមានតម្លៃសេដ្ឋកិច្ចអាចលក់បាន ផងដែរ។

លោក មឿង គង្គារ អភិបាលរងខេត្តកំពត បានថ្លែងអំណរគុណដល់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានប្រគល់សម្ភារគ្រប់គ្រងសំរាម សំណល់រឹង រួមមាន ធុងសំរាមនាថ្ងៃនេះជូនរដ្ឋបាលខេត្ត ដើម្បីបង្កើនភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តកំពត ដែលសម្បូរដោយតំបន់ទេសចរណ៍ ទេសភាព ទីតាំងវប្បធម៌ ប្រវត្តិសាស្ត្រ សមុទ្រ និងធនធានធម្មជាតិដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់សាភ័ណភាព និងលើកកម្ពស់សុខភាពរស់នៅរបស់ប្រជាជន ការទាក់ការវិនិយោគ បង្កើនជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានរៀបចំឡើងអនុលោមទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលបានគូសបញ្ជាក់ពីបេសកកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។ យុទ្ធសាស្ត្រនេះបានរៀបចំឡើងដើម្បីតម្រង់ទិស និងចង្អុលបង្ហាញពីអាទិភាព ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព មានមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

ដើម្បីកម្ពុជាមានភាពស្អាត កាត់បន្ថយការបំពុលបរិស្ថាននៅលើដី ក្រសួងបរិស្ថានបានដាក់យុទ្ធនាការជាបន្តបន្ទាប់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក។ ផ្តើមចេញពីភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមសរុបចំនួនជាង ១៣លានអង្គ/នាក់។ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការបន្ទាប់មួយបន្ថែមទៀតគឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬ មួយឃុំ ឬ មួយស្រុក ឬ មួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ ដោយធ្វើការប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ក្រសួងបរិស្ថានបានកំពុងនឹងកំពុងជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការសម្អាតផ្លូវជាតិឱ្យបានស្អាត គ្មានសំរាម សំណល់ប្លាស្ទិកនៅតាមដងផ្លូវជាតិ។ ជាលទ្ធផលនៃការអនុវត្តផែនការសកម្មភាពនៃយុទ្ធនាការផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» រួមមាន ខ្សែផ្លូវដែលមានភាពស្អាតលើសពី៨០% មានចំនួនសរុបជាង ៥០ខ្សែ ប្រវែងសរុប ៥ ១១៨,៤១គីឡូម៉ែត្រ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត និងជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត បន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យកម្ពុជាដែលជាផ្ទះរបស់យើងស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានបរិស្ថានស្អាត និងការស់នៅប្រកបដោយចីរភាព។ ការបង្កើនភាពស្អាតរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ សម្អាតអនាម័យតាមកន្លែងការងារ និងមូលដ្ឋាននានា ជួយបង្កើនសោភ័ណភាព មានអនាម័យ ទាក់ទាញទេសចរណ៍ និងធ្វើឱ្យមានសុខភាពល្អ ផងដែរ៕