ខណៈគ្រប់គ្នាបារម្ភពីក្មេងៗ ប៉ុន្តែមនុស្សចាស់ទៅវិញទេ ដែលចំណាយពេលហួសហេតុលើឧបករណ៍អេឡិចត្រូនិក
បរទេស៖ អ្នកជំនាញជាច្រើនបានបង្ហាញនូវក្ដីព្រួយបារម្ភថា បណ្ដាញសង្គម, ទូរសព្ទ និងគ្រឿងអេឡិចត្រូនិកជាច្រើនទៀត កំពុងធ្វើឱ្យក្មេងជំនាន់ក្រោយញៀននឹងរបស់ទាំងនោះ និងក្លាយជាមនុស្សមានជំងឺថប់បារម្ភ ឬងាយភ័យខ្លាច ហើយចូលចិត្តសំងំនៅផ្ទះតែម្នាក់ឯង។
រហូតដល់ប្រទេសខ្លះ បានចេញវិធានការហាមប្រាមក្មេងអាយុក្រោម ១៦ឆ្នាំមិនឱ្យប្រើប្រាស់បណ្ដាញសង្គមទៀតផង។ ផ្ទុយទៅវិញ ក្ដីព្រួយបារម្ភនេះ ប្រហែលជាមិនស្របតាមគោលដៅទាំងស្រុងនោះទេ ព្រោះជាក់ស្ដែង ក្រុមមនុស្សដែលសម្លឹងមើលអេក្រង់ឧបករណ៍អេឡិចត្រូនិកច្រើនជាងគេបំផុត គឺមនុស្សចាស់ទៅវិញទេ។
ក្នុងនោះ អ្នកចូលនិវត្តន៍ ឬមនុស្សចាស់ បានចំណាយពេលជាង១ភាគ៣ក្នុងមួយថ្ងៃទៅលើការសម្លឹងមើលអេក្រង់ទូរសព្ទ ឬឧបករណ៍ដទៃទៀត។
ការប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់មនុស្សចាស់ គឺជារឿងល្អ ប៉ុន្តែនៅពេលដែលពួកគេចូលនិវត្តន៍ហើយផ្លាស់ប្តូរទៅកាន់របៀបរស់នៅដោយផ្តោតលើប្រព័ន្ធអនឡាញទាំងស្រុង វាអាចនឹងមានផលលំបាកខ្លាំង ឬបញ្ហាផ្សេងៗនៅក្នុងអត្រាខ្ពស់ ដែលសង្គមត្រូវតែគិតគូរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Economist | រូបភាព-Photo៖ Vecteezy/ Getty Images/ quintanilla/ Kathleen Finlay via Getty Images