អ្នកមានទេពកោសល្យនៅក្នុងប្រទេសអាល្លឺម៉ង់ ភាគច្រើនមានប្រវត្តិចេញពីជនអន្តោប្រវេសន៍
អាល្លឺម៉ង់៖ មានការអះអាង បានលើកឡើងថា ក្នុងចំណោមការដាក់ពាក្យស្នើសុំការពារកម្មសិទ្ធិបញ្ញាសម្រាប់ការឆ្នៃប្រឌិត ១/៧ ឬប្រហែល ១៤% នៅក្នុងចំនួនសរុបក្នុងប្រទេសអាល្លឺម៉ង់ គឺបានមកពីអ្នកដែលមានប្រវត្តិធ្វើអន្តោប្រវេសន៍ នេះបើយោងតាមការសិក្សារបស់វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ (IW) ជាមួយនឹងទិន្នន័យរហូតមកដល់ឆ្នាំ ២០២២ និងត្រូវបានចេញផ្សាយក្នុងខែតុលា ឆ្នាំ ២០២៥ ជុំវិញការពិភាក្សាអំពីរបាយការណ៍យ៉ាងយកចិត្តទុកដាក់។
ចំណុចដ៏សំខាន់បំផុតក្នុងការស្រាវជ្រាវនេះ បង្ហាញថា អ្នកច្នៃប្រឌិតផ្សេងៗគ្នាគឺមានប្រវត្តិចេញមកពីអ្នកចំណាកស្រុក និងជាប្រភពជំរុញឱ្យមានការការពារកម្មសិទ្ធិបញ្ញាល្អប្រសើរ បើគ្មានការរួមចំណែកពីពួកគេទេ ការការពារកម្មសិទ្ធិបញ្ញានៃភាពច្នៃប្រឌិតផ្សេងៗនឹងធ្លាក់ចុះ។
អ្នកដាក់ពាក្យស្នើសុំ បានកើនឡើង៣ដងចាប់តាំងពីឆ្នាំ ២០០០ ដែលកាលនោះមានប្រហែល ៥% (អ្នកមានប្រវត្តិធ្វើចំណាកស្រុក)។ កំណើនលឿនបំផុតជាក្រុមអ្នកច្នៃប្រឌិតដើមកំណើតឥណ្ឌា កើនឡើងជាង ១០ដង ចន្លោះឆ្នាំ ២០០០ ដល់ ២០២២។
ក្នុងចំណោមអ្នកច្នៃប្រឌិតអន្តោប្រវេសន៍ស្រីប្រមាណជា ៨.៥% មានប្រហែល ៤.៧% ជាស្រីជនជាតិអាល្លឺម៉ង់។ ការចេញផ្សាយព័ត៌មានថ្មីៗនេះ នឹងនាំឱ្យអាល្លឺម៉ង់ ត្រូវកាត់បន្ថយភាពស្មុគស្មាញ និងពន្លឿនដំណើរការរដ្ឋបាលសម្រាប់ការទទួលយកអ្នកជំនាញដែលជាអ្នកចំណាកស្រុក និងរក្សាអ្នកមានទេពកោសល្យនៅក្នុងប្រទេស ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Migrando via DWNews | រូបភាព-Photo៖ Sources via Migrando