សេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយដៃគូ បានបើកសិក្ខាសាលា ដើម្បីលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម

image

តាកែវ៖ សភាពាណិជ្ជកម្មកម្ពុជា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច(BDC) និងសភាពាណិជ្ជកម្មខេត្តតាកែវ សហការជាមួយក្រសួងពាណិជ្ជកម្ម និងមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) បានបើកសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» ក្រោមការគាំទ្រពីសហគ្រិនខ្មែរ(KE)។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តតាកែវ ក្រោមវត្តមានលោក យង់ សុវឌ្ឍនា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក ជីប ភក្តីភាព ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ ព្រមទំាងមានការចូលរួមពី ប្រធាននាយកដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ពាណិជ្ជករ អាជីរករ សិប្បករ សិស្សនិស្សិត ប្រមាណ ១១០ នាក់។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ជំរុញការប្រកួតប្រជែង និងពង្រីកទីផ្សារ ក៏ដូចជាបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្ម ដើម្បីបង្កើនទំនុកចិត្តពីអតិថិជន និងរក្សាបានចីរភាពលើទីផ្សារសម្រាប់ម្ចាស់សហគ្រាសនានា។

លោក យង់ សុវឌ្ឍនា បានមានប្រសាសន៍ថា ស្ដង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្មពិតជាមានសារៈសំខាន់ចាំបាច់ជូនដល់អ្នកចូលរួមឱ្យបានស្វែងយល់កាន់តែស៊ីជម្រៅអំពីនីតិវិធី និងអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ឱ្យបានត្រឹមត្រូវ ដែលនេះ បង្ហាញពីការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងពីសំណាក់ស្ថាប័នសាធារណៈនៅក្នុងការជួយគាំទ្រដល់វិស័យឯកជននៅកម្ពុជា។

លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា បណ្តាអ្នកផលិតក្នុងស្រុក ត្រូវចេះស្វែងយល់ឱ្យច្បាស់លាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង និងកសាងទំនុកចិត្តពីអតិថិជន ដែលនាំទៅរកការធានាបានូវស្តង់ដារផលិតផល និងកេរ្តិ៍ឈ្មោះសហគ្រាស។

ក្នុងឱកាដនោះដែរ លោក ជីប ភក្តីភាព បានថ្លែងថា តាមរយៈសិក្ខាសាលានេះ ម្ចាស់សហគ្រាស នឹងបង្កើនការយល់ដឹងពីការធ្វើការអាជីវកម្មដែលមានស្លាកសញ្ញាទទួលស្គាល់ច្បាស់លាស់ ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ និងបង្កើនប្រសិទ្ធភាពសហគ្រាសក្នុងខេត្ត ដើម្បីជាផលប្រយោជន៍ខាងវិស័យសេដ្ឋកិច្ច។

សូមបញ្ជាក់ថា សិក្ខាសាលានេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងការជួយលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់សហគ្រិនកម្ពុជា ឱ្យយល់ដឹងកាន់តែប្រសើរ ដើម្បីជំរុញការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

សូមជម្រាបជូនផងដែរថា សិក្ខាសាលាខាងលើនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងទទួលបានការឧបត្ថម្ភដោយធនាគារ វីង (ខេមបូឌា) ម.ក, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា៕