ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រ នៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់ ២១ព្រះវស្សា

image

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសារលិខិត អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា នៃព្រះរាជពិធី គ្រងព្រះបរមរាជសម្បត្តិគម្រប់២១ព្រះវស្សា ដែលប្រព្រឹត្តទៅនៅ ថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។

នាវរោកាសប្រកបដោយសិរីមង្គលដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ច ព្រះអង្គ បានបំពេញព្រះរាជសកម្មភាពដ៏ប្រពៃថ្លៃថ្លាបម្រើឧត្តមប្រយោជន៍ជាតិ តាមរយៈការងារសង្គមកិច្ច វប្បធម៌ អប់រំ ការទូត និងកិច្ចការ ធម្មការ និងសាសនា ព្រមទាំងមានព្រះទ័យប្រកបដោយទសពិធរាជធម៌ដ៏ប្រសើរឧត្តុង្គឧត្តមបំផុត។

ទូលព្រះបង្គំយើងទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួងដល់ទេវតា គុណបុណ្យព្រះ រតនត្រ័យកែវទាំងបីវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងគុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមតាមជួយថែរក្សាអភិបាលប្រោះព្រំនូវ ព្រះសព្ទសាធុការពរជ័យគ្រប់ ប្រការ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ ទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ៕”