អនុប្រធានទី២ រដ្ឋសភា ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទសភាអន្តរជាតិ រំលឹកខួបទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់
 
                            
ភ្នំពេញ៖ លោក វង សូត អនុប្រធានទី២ រដ្ឋសភាកម្ពុជា អមដំណើរដោយលោក កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និង យុត្តិធម៌នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ បានដឹកនាំគណៈប្រតិភូរដ្ឋសភា ទៅចូលរួមសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ឆ្នាំ នៃការអនុម័តរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីក្រុងបាគូ តបតាមការអញ្ជើញរបស់លោកស្រី សាហ៊ីបា កាហ្វារ៉ូវ៉ា(Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់។  
 
សន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រារព្ធធ្វើពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដោយមានការអញ្ជើញចូលរួមពីគណៈប្រ តិភូសភា និងស្ថាប័នអន្តរសភា ប្រមាណ ២០ប្រទេស-ស្ថាប័ន អញ្ជើញចូលរួម។ 
 
ចូលរួមក្នុងសន្និសីទនោះដែរ លោក វង សូត អនុប្រធានទី២រដ្ឋសភា នឹងថ្លែងសុន្ទរកថាស្តីពី "រដ្ឋធម្មនុញ្ញ ជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យភាព ក្នុងពិភពលោកសហសម័យ" ផងដែរ។ 
 
វត្តមានគណៈប្រតិភូរដ្ឋសភាកម្ពុជានៅក្នុងសន្និសីទសភាអន្តរជាតិនេះ មិនត្រឹមជាការរួមចំណែកពង្រឹងយន្តការការទូតសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាសដល់រដ្ឋសភាកម្ពុជាដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេ ភាគី និងពហុភាគី ជាមួយបណ្តាប្រទេសដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផល ប្រយោជន៍ជូនជាតិ និងប្រជាជនទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ ទំនងរវាងប្រជាជន និងប្រជាជនទាំងក្នុងតំបន់ និងសកលលោក។    
 
អំឡុងពេលស្នាក់នៅក្នុងទីក្រុងបាគូ លោក វង សូត គ្រោងនឹងជួបពិភាក្សាការងារជា មួយប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងថ្នាក់ដឹកនាំគណៈប្រតិភូសភាបណ្តាប្រទសមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយប្រទេសជាមិត្ត ឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយថែម ទៀត ដោយតម្កល់នូវផលប្រយោជន៍ពលរដ្ឋជាអាទិភាព៕ 
 
អត្ថបទ៖ វង សុភ័ក្ត្រ
 
                                 
                                 
                                 
                                