ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ណែនាំឱ្យថ្នាក់ដឹកនាំក្រោមឱវាទ បន្តចុះពង្រឹងមណ្ឌលសុខភាពជុំទី២ និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ឱ្យបានគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីធានាបានការបម្រើសេវាឱ្យកាន់តែល្អប្រសើរ និងនៅកៀកនឹងប្រជាជន

image


ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានគូសរំលេចឱ្យថ្នាក់ដឹកនាំ បន្តចុះពង្រឹងមណ្ឌលសុខភាពជុំទី២ និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ឱ្យបានគ្រប់មូលដ្ឋានសុខាភិបាល ក្នុងការចុះពិនិត្យផ្ទៀតផ្ទាង និងជួយគាំទ្រផ្នែកបច្ចេកទេស រដ្ឋបាល ដើម្បីធានាបានការបម្រើសេវាឱ្យកាន់តែល្អប្រសើរ និងនៅកៀកនឹងប្រជាជន។

មានប្រសាសន៍នៅទីស្ដីការក្រសួងសុខាភិបាល ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត, លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ទីរពេទ្យទាំងអស់ ត្រូវជំរុញការបម្រើសេវាសុខាភិបាលដល់ប្រជាជនឱ្យប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ ត្រូវណែនាំដល់មន្រ្តី បុគ្គលិកសុខាភិបាល ឱ្យមានស្មារតីរួបរួមគ្នា សហការគ្នា បុរេសកម្ម បង្កើតសកម្មភាព ដើម្បីជំរុញការងារឱ្យកាន់តែល្អប្រសើរ និងរលូនទៅមុខ ហើយត្រូវកែលម្អនូវចំនុចដែលខ្វះខាត និងមិនទាន់ល្អប្រសើរ។ ត្រូវយកចិត្តទុកដាក់ខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

បន្ថែមពីនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ឱ្យថ្នាក់ដឹកនាំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ ដែលជាកត្តាសំខាន់ក្នុងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាជន ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងមានទំនួលខុសត្រូវខ្ពស់ ក្នុងនាមអ្នកវិជ្ជាជីវៈសុខាភិបាល៕

អត្ថបទ៖ សន ពិសិដ្ឋ