ព័ត៌មានអន្តរជាតិ

រដ្ឋធានីសេអ៊ូល កំណត់គោលដៅពាណិជ្ជកម្ម ៣០០ ពាន់លានដុល្លារអាម៉េរិកជាមួយអាស៊ាន

image

កូរ៉េខាងត្បូង៖ អំឡុងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae-myung) បានប្តេជ្ញាពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងនវានុវត្តន៍ ជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ។

គោលដៅដែលប្រកបដោយមហិច្ឆតានោះ គឺបង្កើនទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងអាស៊ានឱ្យបានដល់ ៣០០ ពាន់លានដុល្លារអាម៉េរិក។ លោកលី បានប្រដូចទំនាក់ទំនងនេះទៅនឹងពាក្យស្លោករបស់កូរ៉េ គឺ «អ្នកជិតខាងសុទ្ធតែជាបងប្អូន» ដោយមានន័យសំដៅដល់ទំនាក់ទំនងជិតស្និទ្ធដូចសាច់ញាតិ ដែលនៅជាមួយគ្នាទាំងគ្រាលំបាក និងរីករាយ ។

លោកប្រធានាធិបតីលី បានលើកឡើងពីតួនាទីជាយូរមកហើយរបស់ក្រុមហ៊ុនកូរ៉េ ក្នុងការជំរុញកំណើនឧស្សាហកម្មរបស់អាស៊ាន ជាពិសេសក្នុងវិស័យរថយន្ត ដែកថែប និងគ្រឿងអេឡិចត្រូនិក។ ដើម្បីពង្រឹងភាពជាដៃគូនេះបន្ថែមទៀត លោកបានប្រកាសថា កូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសកូរ៉េ-អាស៊ាននៅឆ្នាំ ២០២៩ ដើម្បីអបអរសាទរខួប ៤០ ឆ្នាំនៃទំនាក់ទំនងការទូត ។

ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកលី ក៏បានសន្យាពីការគាំទ្រយ៉ាងសកម្មរបស់កូរ៉េខាងត្បូងសម្រាប់ សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ទាំងនេះរួមបញ្ចូលទាំងការជួយដោះស្រាយបញ្ហាដូចជា ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខដែនសមុទ្រ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ដែលមានគោលដៅសម្រាប់ «សហគមន៍អាស៊ានដែលផ្តោតលើប្រជាជន និងកិច្ចសហប្រតិបត្តិការដែលមានភាពធន់ជាងមុន» ។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាតូ សេរី អាន់វ៉ា អ៊ីប្រាហ៊ីម បានស្វាគមន៍លោកប្រធានាធិបតីលី ដោយកត់សម្គាល់ថាទំនាក់ទំនងទាំងអស់នេះ បានក្លាយជា «គំរូនៃការគោរព និងទំនុកចិត្តដ៏រឹងមាំ» ក្នុងរយៈពេលបីទសវត្សរ៍មកហើយ។ លោកក៏បានចង្អុលបង្ហាញពីភាពខ្លាំងនៃភាពជាដៃគូដែលមានស្រាប់ ដោយទំហំពាណិជ្ជកម្មអាស៊ាន-កូរ៉េ បានកើនឡើងលើសពី ២០០ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៤ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ YONHAP via Korea Joongang Daily/ SeongJoon Cho via Bloomberg