ជនជាតិដើមភាគតិចព្នង ស្នើសុំឱ្យក្រសួងពាក់ព័ន្ធជួយអភិរក្ស ព្រៃអារក្ស ព្រៃកប់ខ្មោច ដែលជាជំនឿពីដូនតា ដែលត្រូវតែថែរក្សា
 
                            មណ្ឌលគិរី៖ សហគមន៍ជនជាតិដើមភាគតិចព្នង(ពូនង) នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បានទទូចឱ្យក្រសួងពាក់ព័ន្ធជួយធ្វើការអភិរក្ស និងការពារព្រៃអារក្សអ្នកតា និងព្រៃកប់ខ្មោច ដែលពួកគាត់បានចាត់ទុកជាទីសក្ការៈ និងជំនឿ ខណៈដែលបច្ចុប្បន្នកាន់តែរួមតូចទៅៗ ដោយសារការអភិវឌ្ឍ និងបុគ្គលឆ្លៀតឱកាសមួយចំនួន ចូលកាប់ រុករានទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ និងដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ 
  
លោក ស្រេវ ផែត ដែលជាចាស់ទុំ នៅសហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ បានឱ្យដឹងថា ព្រៃកប់សពនៃសហគមន៍ជនជាតិដើមភាគតិចរបស់ពួកគាត់មានការគោរពយ៉ាងខ្ជាប់ខ្ជួន ដោយមិនមានឱ្យបុគ្គលពីខាងក្រៅណាមួយមករំខាន ឬក៏ចូលរុករានព្រៃឈើនោះឡើយ។ រាល់ពេលចូលព្រៃក្នុងតំបន់កប់ខ្មោច ត្រូវមានការបន់ស្រន់សុំសេចក្ដីសុខជាមុន បើមិនដូច្នោះទេនឹងត្រូវដូនតាប្រកាន់ទោសពៃរ៍ដោយធ្វើឱ្យភូមិឋាន ឬក៏ប្រជាជននៅក្នុងសហគមន៍របស់លោកមិនមានសេចក្តីសុខនោះឡើយ។ ព្រៃអារក្សអ្នកតា និងព្រៃកប់ខ្មោច ត្រូវបានគោរពបូជាតៗតាំងពីបុព្វបុរសតរៀងៗមក។ 
 
លោក សុផា សុគន្ធណារុង្គ តំណាងក្រសួងបរិស្ថាន និងជាអ្នកគ្រប់គ្រងគម្រោងសាកល្បងស្តីពីការលើកកម្ពស់ការអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់សហគមន៍ជនជាតិដើមភាគតិចរស់នៅក្នុងតំបន់ការពារធម្មជាតិ បានឱ្យដឹងថា សហគមន៍ជនជាតិដើមភាគតិច ត្រូវបានគាំទ្រលើការថែរក្សា និងអភិរក្ស ប្រពៃណីទំនៀមទម្លាប់ ក្នុងនោះដែររដ្ឋទទួលស្គាល់ និងធានានូវសិទ្ធិប្រើប្រាស់ជាលក្ខណៈប្រពៃណី ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។ សម្រាប់ដីព្រៃកប់ខ្មោច ត្រូវបានចុះបញ្ជីកម្មសិទ្ធិជាសមូហភាពចំនួន ៧ហិកតា ក្នុងមួយសហគមន៍។ ជាងនេះទៀតច្បាប់ភូមិបាលក៏បានទទួលស្គាល់សិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា ជាម្ចាស់អចលនវត្ថុជាដីរបស់ពួកគេ ដែលមានប័ណ្ណកម្មសិទ្ធិសមូហភាព និងមិនមែនជាកម្មវត្ថុនៃការលក់ដូរនោះទេ។ 
  
យោងតាមរបាយការណ៍ បានបង្ហាញថា រហូតមកដល់បច្ចុប្បន្ន មានភូមិចំនួន៧ បានទទួលបណ្ណកម្មសិទ្ធិដីធ្លីសមូហភាពសហគមន៍ ហើយភូមិចំនួន៩ទៀត កំពុងស្ថិតក្នុងដំណើរការចុះបញ្ជី ដែលក្នុងនោះមានភូមិចំនួន៧ ស្ថិតនៅក្រោមវិធានការការពារបណ្តោះអាសន្ន។ 
 
សូមបញ្ជាក់ថា ជនជាតិដើមភាគតិចព្នងក្នុងសហគមន៍ ត្រូវបានចាត់ទុកជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។ ដោយមើលឃើញពីតួនាទីដ៏សំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាក់ព័ន្ធជាសេនាធិការ បានសហការជាមួយអង្គការដៃគូ ក្នុងនោះក៏មានអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្នុងការចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លីសហគមន៍ជនជាតិដើមភាគតិច នៃភូមិចំនួន ១៦ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី៕
 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                