ឧបនាយកមន្ត្រីរុស្ស៊ី ជួបសមភាគីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មទ្វេភាគី
 
                            រុស្ស៊ី៖ ស្ថិតនៅក្នុងទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី កាលពីដើមសប្ដាហ៍នេះ លោកឧបនាយករដ្ឋមន្ត្រីរុស្ស៊ី អាឡិចស៊ី អូវើរឈុក (Alexei Overchuk) បានជួបសំណេះសំណាលគ្នាជាមួយសមភាគីម៉ាឡេស៊ី និងជាប្រធានផ្នែកថាមពល និងធនធានទឹក លោក ហ្វាឌីឡា យូសូហ្វ (Fadillah Yusof) និងតំណាងគណៈប្រតិភូ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ។ 
 
យោងតាមមន្ត្រីរដ្ឋាភិបាលរុស្ស៊ី ឱ្យដឹងថា កិច្ចប្រជុំនេះគ្របដណ្តប់លើស្ថានភាពបច្ចុប្បន្ន និងការរំពឹងទុកនាពេលអនាគតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងនិន្នាការពាណិជ្ជកម្មទៅវិញទៅមក។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងផ្នែកវប្បធម៌ និងកិច្ចសហការលើគម្រោងរួមគ្នាក្នុងវិស័យសិល្បៈផងដែរ ។ 
 
គួររម្លឹកថា ដំណើរទស្សនកិច្ចការងាររបស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីទៅកាន់ប្រទេសម៉ាឡេស៊ី គឺជាផ្នែកមួយនៃកម្មវិធីដ៏ទូលំទូលាយនៅក្នុងព្រឹត្តិការណ៍អាស៊ាន ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅថ្ងៃទី២៦-២៨ ខែតុលា ។ 
 
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនាពេលនេះ លោកអូវើរឈុក (Overchuk) ក៏គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ហៅកាត់ថា អ៊ីស (EAS) លើកទី២០ និងចូលរួមកិច្ចប្រជុំទ្វេភាគីជាច្រើនទៀតនៅក្នុងទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ៕ 
 
ប្រែសម្រួល៖ ឡេង លាងហេង 
ប្រភព៖ VIORY | រូបភាព-Photo៖ The Russian Government website/ Bernama via Malay Mail
 
                                 
                                