ភ្ញៀវឥណ្ឌា សម្រុកធ្វើដំណើរទៅកាន់ប្រទេសចិន បន្ទាប់ពីឥណ្ឌា-ចិន បន្តជើងហោះហើរឡើងវិញក្រោយផ្អាក៥ឆ្នាំ
 
                            ចិន-ឥណ្ឌា៖ អាកាសយានដ្ឋានអន្តរជាតិក្វាងចូវប៉ៃយុន (Guangzhou Baiyun) ក្នុងប្រទេសចិន បានទទួលជើងហោះហើរត្រង់លើកដំបូងពីប្រទេសឥណ្ឌា កាលពីដើមសប្ដាហ៍នេះ ខណៈដែលប្រទេសទាំងពីរ បានចាប់ផ្ដើមអនុញ្ញាតឱ្យមានការធ្វើដំណើរតាមផ្លូវអាកាសឆ្លងកាត់ព្រំដែនឡើងវិញជាលើកដំបូង ក្រោយផ្អាកអស់រយៈពេល ៥ឆ្នាំ ។ 
 
អ្នកដំណើរឥណ្ឌាដំបូងដែលមកកាន់ប្រទេសចិន បានធ្វើដំណើរតាមរយៈជើងហោះហើរ អ៊ីនឌីហ្គោ (IndiGo) លេខ 6E1703 បានចាកចេញពីទីក្រុងកុលកាតា (Kolkata) នៅម៉ោង ១០៖០៧ (ម៉ោងក្នុងស្រុក) ហើយបានចុះចតនៅទីក្រុងក្វាងចូវនៅម៉ោង ០៤៖០៥ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃចន្ទ ដោយដឹកអ្នកដំណើរចំនួន ១៧៦នាក់ ។ 
 
ទន្ទឹមនឹងនោះ ក្រុមហ៊ុនអាកាសចរណ៍ IndiGo បានប្រកាសពីផែនការពង្រីកសេវាកម្មរបស់ខ្លួន ដោយមានជើងហោះហើរប្រចាំថ្ងៃថ្មីពីទីក្រុងដេល្លីទៅកាន់ទីក្រុងក្វាងចូវ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១០ ខែវិច្ឆិកា។ ក្រុមហ៊ុនអាកាសចរណ៍ឆៃណាអ៊ីស្ទើន (China Eastern) ឯណោះវិញ ក៏នឹងចាប់ផ្តើមជើងហោះហើររវាងទីក្រុងសៀងហៃ និងទីក្រុងដេល្លីឡើងវិញ ចាប់ពីថ្ងៃទី ៩ ខែវិច្ឆិកាផងដែរ ។ 
 
ក្នុងពេលដំណាលគ្នា ក្រសួងការបរទេសឥណ្ឌា បានបង្ហាញនូវការសាទរចំពោះវឌ្ឍនភាពនេះ ដោយបញ្ជាក់ថាខ្លួននឹង «សម្រួលដល់កិច្ចការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន» និងគាំទ្រដល់ «ការធ្វើឱ្យការផ្លាស់ប្តូរទ្វេភាគីកាន់តែប្រសើរឡើង» ។ 
 
គួររម្លឹកថា កាលពីដើមឆ្នាំ ២០២០ ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ បានផ្អាកដោយសារតែជំងឺកូវីដ-១៩ និងភាពតានតឹងនៅតាមខ្សែបន្ទាត់ព្រំដែនដែលបង្កឡើងដោយការប៉ះទង្គិចគ្នាដ៏សាហាវនាតំបន់ជ្រលងភ្នំហ្គាល់វ៉ាន់ (Galwan) អំឡុងខែមិថុនា ក្នុងឆ្នាំដដែលនោះ ៕ 
 
ប្រែសម្រួល៖ ឡេង លាងហេង 
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Rafiq Maqbool via AP/ theindianwire.com
 
                                 
                                