ព័ត៌មានជាតិ

‎សម្តេច ម៉ែន សំអន បង្ហាញពីតួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនា ក្នុងសង្គមកម្ពុជា ដែលបានផ្តល់នូវមេរៀនដ៏មានតម្លៃចូលរួមកសាងនូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

image

ភ្នំពេញ៖‎ សម្តេចសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ និងវៀតណាម លើកទី៣ ក្រោមប្រធាន បទ “សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដែលបានរៀបចំឡើង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

‎នាឱកាសនោះ សម្តេចសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះបមហាក្សត្រ បានលើកឡើងថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា គឺជាកាលានុវត្តភាពមួយ បង្កើនការយល់ដឹងពីគុណតម្លៃស្នូល និងគោលការណ៍របស់ព្រះពុទ្ធសាសនា ក្នុងការចូលរួមថែរក្សាសុខុមាលភាពសង្គម មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិ្កការល្អ តាមរយៈការបង្ហាញ និងលើកកម្ពស់គោលការណ៍អហិង្សា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និងសាសនា ដែលបានសហការចាត់ចែងរៀបចំកិច្ចប្រជុំកំពូលនេះឡើង ក្នុងគោល បំណងចែករំលែកអំពីតួនាទីព្រះពុទ្ធសាសនានៃប្រទេសទាំង៣ កម្ពុជា ឡាវ និង វៀត ណាម ដើម្បីចូលរួមចំណែកកសាង អភិវឌ្ឍប្រទេស ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ និងសាសនា ជាពិសេស គឺការចូលរួមកសាងមូលធនមនុស្ស។

‎សម្តេចកិត្តិសង្គហបណ្ឌិត បន្តទៀតថា សាសនា ជាប្រភពផ្ដល់គុណតម្លៃដឹកនាំខាងស្មារតី និងផ្តល់ឱវាទជួយដល់អ្នកប្រតិបត្តិ។ មិនត្រឹមតែប៉ុណ្ណោះ តួនាទីរបស់ព្រះពុទ្ធសាសនា បានផ្តល់នូវមេរៀនដ៏មានតម្លៃជាច្រើនចូលរួមកសាង នូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងប្រទេសកម្ពុជា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលរបួសផ្លូវចិត្តរាំរ៉ៃពីអតីតកាល។
ចំណែកឯព្រះសង្ឃ បានចូលរួមចំណែកស្តារឡើងវិញនូវអត្តសញ្ញាណជាតិ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ តាមរយៈ ទ្រឹស្តីព្រះពុទ្ធសាសនា មានធម៌អហិង្សា សាមគ្គីធម៌ និងព្រហ្មវិហារធម៌ជាដើម។

‎បើតាមលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបានលើកឡើងថា កិច្ចប្រជុំកំពូលព្រះ ពុទ្ធសាសនាលើកទី៣ ត្រូវបានរៀបចំឡើងដោយមានថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ វៀតណាម ដោយបានធ្វើការវាយតម្លៃខ្ពស់ និងសម្តែងការអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិតស្និតលើគ្រប់វិស័យ រួមមាន នយោបាយ សន្តិសុខ ការពារជាតិការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សាសនា វប្បធម៌ អប់រំ និងទេសចរណ៍។

កិច្ចប្រជុំកំពូលព្រះ ពុទ្ធសាសនា លើកទី៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារលិខិតដែលមានខ្លឹមសារបញ្ជាក់ថា
កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនានេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់ថ្នាក់ដឹកនាំព្រះពុទ្ធសាសនា ទាំងបីប្រទេស កម្ពុជា ឡាវ វៀតណាម ដែលមិនត្រឹមតែបន្តពង្រឹងទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពជាប្រពៃណី ស្របតាមទិស ស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយនិងស្ថិរភាព យូរអង្វែង” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាបង្ហាញឱ្យឃើញពីតួនាទីរបស់ព្រះពុទ្ធសាសនានៃប្រទេសទាំង៣ ដើម្បីចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេស ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច អប់រំ និងវប្បធម៌ ជាពិសេស គឺការចូលរួមកសាងមូលធនមនុស្សតាមមាគ៌ាព្រះពុទ្ធសាសនា៕

អត្ថបទ៖ វង សុភ័ក្ត្រ