នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ទីក្រុងកូឡាឡាំពួរ នឹងបន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយទីក្រុងមូស្គូ
 
                            ម៉ាឡេស៊ី៖ ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាតូ សេរី អាន់វ៉ា អ៊ីប្រាហ៊ីម មានប្រសាសន៍ថា «ទីក្រុងកូឡាំឡាំពួរ និងទីក្រុងមូស្គូ បានបង្កើតនូវទំនាក់ទំនងល្អជាមួយគ្នារួចមកហើយ» ។ 
 
លោកមានប្រសាសន៍ជាបន្តទៀតថា «យើងចង់ឱ្យទំនាក់ទំនងរវាងពួកយើង បន្តពង្រឹងលើគ្រប់វិស័យទាំងអស់ រួមមាន ការស្រាវជ្រាវ ការអប់រំ វិទ្យាសាស្ត្រ ពាណិជ្ជកម្ម និងការវិនិយោគជាដើម ដោយយើងនឹងបន្តមានទំនាក់ទំនងល្អជាមួយរុស្ស៊ី។ លោកក៏បានបន្ថែមដែរថា លោកមានឱកាសបានជួបប្រជុំជាវិជ្ជមានជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន នៅឯវិមានក្រឹមឡាំងថែមទៀតផង» ។ 
 
ជុំវិញសំណួរអំពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្មរវាងម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិក លោកអ៊ីប្រាហ៊ីម បានឆ្លើយតបដោយមានប្រសាសន៍ថា «យើងផ្តល់អាទិភាពខ្លះដល់រុស្ស៊ី ហើយយើងក៏ផ្តល់អាទិភាពខ្លះដែរដល់ប្រទេសចិន ព្រោះតែយើងអនុវត្តតាមគោលការណ៍នៃភាពអព្យាក្រឹត ហើយអ្វីដែលសំខាន់នោះ គឺពាណិជ្ជកម្ម និងការវិនិយោគ» ។ 
 
នៅមុននេះ លោកអ៊ីប្រាហ៊ីម និងលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយនៅក្នុងទីក្រុងកូឡាឡាំពួរ ដែលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើធនធានរ៉ែសំខាន់ៗ ។ 
 
គួររម្លឹកថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ បានធ្វើឡើងនៅចន្លោះថ្ងៃទី២៦-២៨ ខែតុលា ដោយប្រមូលផ្តុំមេដឹកនាំមកពីរដ្ឋសមាជិកអាស៊ាន និងដៃគូសំខាន់ៗ រួមទាំងប្រទេសចិន ជប៉ុន និងសហរដ្ឋអាម៉េរិក ខណៈចំណុចដ៏លេចធ្លោនៃកិច្ចប្រជុំកំពូលនេះ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា-ថៃ ក្នុងទីក្រុងកូឡាឡាំពួរ ៕  
 
ប្រែសម្រួល៖ ឡេង លាងហេង 
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ AFP/ Vecteezy
 
                                 
                                