ព័ត៌មានជាតិ

បណ្តាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាឆ្ពោះទៅការសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

image

សៀមរាប៖ បណ្តាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង បានបើកសិក្ខាសាលាស្តីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង ដើម្បីបង្ហាញអំពីការបង្កើនកិច្ចសហប្រតិបត្តការរួមគ្នាឆ្ពោះទៅរកការសម្រេចបានតំបន់ ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណលជាតិផ្ទុះពីសង្គ្រាម។

លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាដែលបានធ្វើឡើងនៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានលើកឡើងថា កម្ពុជា បានឈានឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងសាមគ្គីភាព ទាំងក្នុងប្រទេស និងនៅឆាកអន្តរជាតិ ក្នុងនោះបានចាត់ទុកវិស័យសកម្មភាពមីនជាស្នូលនៃការអភិវឌ្ឍ និងក្លាយជាប្រទេសឈានមុខក្នុងសកម្មភាពមីនសកល។ ជាក់ស្តែងឆ្នាំមុនកម្ពុជាបានធ្វើជាប្រធានអនុសញ្ញាអូតាវ៉ា កម្ពុជាបានជំរុញឱ្យមានការប្តេជ្ញាចិត្តជាថ្មីសម្រាប់ពិភពលោក ក្នុងការលុបបំបាត់ការរងទុក្ខវេទនាដោយសារមីន ជាពិសេសតាមរយៈការដាក់ចេញនូវសេចក្តីថ្លែងការ និងផែនការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ដែលជាផែនទីបង្ហាញទិសសកម្មភាពមីនសាកល។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងទូទាំងពិភពលោក។ ក្រៅពីសកម្មភាពមីន ចិនបានចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្នុងតំបន់ និងពិភពលោក។ កម្ពុជារួមទាំងប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលជាទីកត់សម្គាល់ក្នុងសកម្មភាពមីន ក៏ប៉ុន្តែការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែបន្តមានដែលទាមទារឱ្យបង្កើនកិច្ចសហប្រតិបត្តិការតំបន់កាន់តែខ្លាំងក្លា ជាពិសេសតាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងរវាងគ្នានិងគ្នា។ ដរាបណាស្លាកស្នាមសង្គ្រាមមិនទាន់បាត់រសាត់ ការប្តេជ្ញាចិត្តរបស់យើងនៅតែមានជានិច្ច។

សូមជម្រាបថា សិក្ខាសាលាដែលធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ជាផ្នែកមួយនៃគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញ ក្នុងវិស័យសកម្មភាពមីនរវាងប្រទេសនានានៅក្នុងតំបន់មេគង្គ-ឡានឆាង។ សិក្ខាសាលានេះក៏មានការចូលរួមពីអ្នកជំនាញមកពីអង្គការអន្តរជាតិ និងតំណាងស្ថាប័នជាតិ ដែលបម្រើការងារពាក់ព័ន្ធនឹងវិស័យសកម្មភាពមីនរបស់ប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង រួមមាន ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងរួមទាំងកម្ពុជា៕

អត្ថបទ៖ ជា ស្រស់