ទីក្រុងព្យុងយ៉ាង បង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះគោលនយោបាយការពារអធិបតេយ្យភាពរដ្ឋរបស់រុស្ស៊ី
 
                            កូរ៉េខាងជើង៖ ស្ថិតនៅក្នុងកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ី លោក ស៊ើហ្គី ឡាវរ៉ូវ (Sergei Lavrov) នាទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុនហ៊ុយ (Choe Son-hui) បានលើកឡើងថា ទីក្រុងព្យុងយ៉ាងគាំទ្រយ៉ាងមុតមាំចំពោះ «គោលនយោបាយការពារអធិបតេយ្យភាពរដ្ឋ និងបូរណភាពទឹកដី» របស់រុស្ស៊ី ជាមួយនឹងយុត្តិធម៌អន្តរជាតិ និងការអភិវឌ្ឍប្រទេសរុស្ស៊ីដ៏រឹងមាំ ។ 
 
លោកស្រី បានលើកឡើងបន្ថែមទៀតថា «ការបំពេញកាតព្វកិច្ចរបស់យើង ក្រោមមាត្រានៃកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលជាមួយសហព័ន្ធរុស្ស៊ី គឺជាគោលជំហរដែលមិនអាចរង្គោះរង្គើបានឡើយសម្រាប់គោលនយោបាយការបរទេសរបស់កូរ៉េខាងជើង» ។ 
 
ជាការឆ្លើយតប លោកឡាវរ៉ូវ (Lavrov) បានថ្លែងអំណរគុណដល់កូរ៉េខាងជើង ចំពោះការគាំទ្ររបស់ខ្លួន និងបានបង្ហាញការគោរព និងកោតសរសើរវីរភាពកងទ័ពរបស់ប្រទេសនេះ ដែលខិតខំតស៊ូប្រយុទ្ធនៅក្នុងតំបន់សមរភូមិឃើស (Kursk) ដើម្បីបណ្ដេញកងកម្លាំងអ៊ុយក្រែនចេញ ហើយវីរភាពដ៏ក្លាហានទាំងនេះ ពិតជានឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រវត្តិសាស្ត្រ នៅក្នុងការតស៊ូរួមគ្នារបស់យើង ដើម្បីយុត្តិធម៌ ។ 
 
កាលពីខែមេសា រុស្ស៊ីបានប្រកាសថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកតំបន់ Kursk ពីកងទ័ពអ៊ុយក្រែនមកវិញ។ នៅពេលនោះ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពុទីន បានសម្តែងការដឹងគុណចំពោះយុទ្ធជនរបស់កូរ៉េខាងជើង សម្រាប់ជំនួយគាំទ្ររបស់ពួកគេ ខណៈលោក គីម ជុងអ៊ុន និយាយថា អ្នកដែលបានចូលរួមប្រយុទ្ធ សុទ្ធតែបានតស៊ូដើម្បីយុត្តិធម៌។ ទោះជាបែបណាក្ដី រដ្ឋធានីគីវ បានថ្កោលទោសចំពោះសកម្មភាពរបស់រុស្ស៊ីដែលធ្វើប្រតិបត្តិការចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ ២០២២ ថាជាការឈ្លានពាន ៕ 
 
ប្រែសម្រួល៖ ឡេង លាងហេង 
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Ohio
 
                                 
                                