ទេសាភិបាលធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសកល ដើម្បីដោះស្រាយបណ្តាញឆបោកតាមអនឡាញ ដែលកំពុងកើតនៅគ្រប់ទិសទីជុំវិញពិភពលោក
 
                            គូឡាឡាំពួ៖ លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងកាន់តែកើនឡើងនៃប្រតិបត្តិការឆបោកតាមអនឡាញ ដោយហៅបញ្ហានេះថាជា «បញ្ហាសកលដ៏ស្មុគស្មាញ» ដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបានទេ។ 
 
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកស្រី ជា សិរី បានសរសេរថា នៅក្នុងពិភាក្សាចំនួន ២ គឺកិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច Bloomberg អាស៊ាន ដែលបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួ លោកស្រី បានលើកឡើងថា ព័ត៌មានអំពីការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា គឺជាព័ត៌មានដ៏គួរឱ្យព្រួយបារម្ភ និងបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។ ប៉ុន្តែព័ត៌មានទាំងនេះមិនបានឆ្លុះបញ្ចាំងគ្រប់ទិដ្ឋភាពរបស់កម្ពុជានោះទេ។ 
 
លោកស្រីទេសាភិបាល បានបញ្ជាក់ថា យើងមានបរិយាកាសវិនិយោគល្អ ដោយមានការលើកលែងពន្ធនានាសម្រាប់គម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យើងមានអគ្គិសនីផ្តល់ពីប្រភពថាមពលស្អាត និងមានអាកាសយានដ្ឋានអន្តរជាតិលំដាប់អន្តរជាតិទើបសម្ពោធដាក់ឱ្យណើរការ ដែលជាការវិនិយោគដោយវិនិយោគិនកម្ពុជាសុទ្ធសាធ និងគ្រប់គ្រងដោយកម្ពុជា (មិនដូចការចេញផ្សាយនៅតាមបណ្តាញសារព័ត៌មានមួយចំនួននោះទេ)។ 
 
លោកស្រី បានសង្កត់ធ្ងន់ថា៖ «បញ្ហាឆបោកតាមអនឡាញ គឺជាបញ្ហាសកលដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយ។ ប្រតិបត្តិការរបស់ក្រុមល្មើសអនឡាញទាំងនេះបានបង្កើតជាបណ្ដាញប្រទាក់ក្រឡាយ៉ាងស្មុគស្មាញទូទាំងសកលលោក។ បណ្ដាញឆបោកនេះមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាទេ តែគឺនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយជនរងគ្រោះក៏នៅគ្រប់ទិសទីផងដែរ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហា យើងត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយមិនត្រូវចង្អុលដាក់គ្នានោះទេ»។  
 
លោកស្រីទេសាភិបាល បានបន្តថា ប្រទេសកម្ពុជា ប្តេជ្ញាក្លាយជាសមាជិកដែលគួរឱ្យទុកចិត្ត និងមានតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ ហើយបានរឹតបន្តឹងវិធានការ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ហើយយើងនឹងត្រៀមខ្លួនតាមការចាំបាច់ដើម្បីសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ។ 
 
ទន្ទឹមនេះ លោកស្រី ក៏បានកត់សម្គាល់ថា បណ្ដាញឆបោកក៏បង្ហាញពីបញ្ហាជាមូលដ្ឋានជាច្រើនទៀតដូចជា អក្ខរកម្មឌីជីថល នៅក្នុងស្ថានភាពដែលភាពខុសគ្នារវាង AI និងការពិត កាន់តែពិបាកបែងចែក។ 
 
បើតាមលោកស្រីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងផងដែរថា ក្នុងរយៈពេលប្រហែល ៣០ម៉ោង នៅទីក្រុងគូឡាឡាំពួ ក្នុងកម្មវិធីកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥ លោកស្រីក៏មានឱកាសជួបជាមួយថ្នាក់ដឹកនាំលំដាប់ពិភពលោក និងអ្នកដឹកនាំធុរកិច្ចនៅអាស៊ាន ព្រមទាំងបានពិភាក្សាជាមួយអ្នករៀបចំគោលនយោបាយ និងអ្នកស្រាវជ្រាវនៅស្ថាប័នសិក្សាល្បីៗដូចជា លោក Mark Carney នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងលោក Jeffrey Sachs អ្នកវិភាគគោលនយោបាយ និងនយោបាយ ដ៏ល្បីមកពីសាកលវិទ្យាល័យ Columbia ជាដើម៕
 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                