ឆ្នេរតេជោសន្តិភាពកែប សម្រេចបានជាង ៩០% អាចទទួលភ្ញៀវទេសចរក្នុងបុណ្យអុំទូក ខាងមុខនេះ
 
                            កែប៖ ការសាងសង់ ឆ្នេរតេជោសន្តិភាពខេត្តកែប បច្ចុប្បន្នបានដំណើរការរហូតដល់ប្រមាណ ៩០ភាគរយហើយ ក្រុមការងារកំពុងព្យាយាមបញ្ចប់សំណង់សល់មួយចំនួន ដើម្បីឲ្យអ្នកទេសចរអាចចូលមកលេងកម្សាន្តនៅផ្នែកខ្លះនៃគម្រោងទាំងមូល នាឱកាសឈប់សម្រាកក្នុងបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ។  
 
នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានផ្តល់បទសម្ភាសន៍អំឡុងពេលដែលឯកឧត្តម ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ គម្រោងឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ឆ្នេរតេជោសន្តិភាពកែប (ឆ្នេរ២.៧០០ម៉ែត្រ) កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។  
 
លោកលើកឡើងថា នេះជាសមិទ្ធផលប្រវត្តិសាស្រ្តសម្រាប់ខេត្តកែប ក្នុងសម័យតេជោ-ធិបតី គម្រោងនេះនឹងជួយលើកកម្ពស់គុណភាពឆ្នេររបស់ខេត្តឱ្យក្លាយជាទិសដៅទេសចរណ៍ស្អាតសាមញ្ញ ប៉ុន្តែទាក់ទាញ ពិសេសជាការបើកទំព័រឆ្នេរថ្មីរបស់ខេត្តកែប ជូនអ្នកទេសចរមកលេងកម្សាន្តនាពេលដ៏ខ្លីខាងមុខនេះ។  
 
លោកបន្ថែមថា នៅឆ្នាំនេះ រាជធានីភ្នំពេញ នឹងផ្អាកការប្រារព្ធពិធីប្រណាំងទូក ដូច្នេះតំបន់សមុទ្រ ពិសេសខេត្តកែប នឹងក្លាយជាគោលដៅសំខាន់សម្រាប់ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ។ ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរក្រុង ស្រុក ពិនិត្យមើលលើសណ្តាប់ធ្នាប់សាធារណៈផ្សេងៗឲ្យបានរៀបរយផងដែរ៕ 
 
អត្ថបទ៖ ង៉ុង សាន់
 
                                 
                                 
                                 
                                 
                                