មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ជំរុញឱ្យភាគីពាក់ព័ន្ធបង្កើនសកម្មភាពការងារទ្វេដង ផ្តល់សេវាគាប់ចិត្តដល់ពលរដ្ឋក្នុងវិស័យដីធ្លី នគរូបនីយកម្ម និងសំណង់
 
                            តាកែវ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវការណែនាំយ៉ាងម៉ឺងម៉ាត់ ដោយតម្រូវឲ្យមន្ទីរជំនាញ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដាច់ខាតត្រូវតែបង្កើនសកម្មភាពការងារទ្វេដង ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ ក្នុងវិស័យដីធ្លី នគរូបនីយកម្ម និងសំណង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងកសាងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ។ 
 
នេះជាការថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីររៀបចំដែនដី និងអាជ្ញាធក្រុងស្រុក ក្នុងឱកាសដែលលោក សៀក វណ្ណា អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តតាកែវ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។  
 
លោកអនុរដ្ឋលេខាធិការ សៀក វណ្ណា បានមានប្រសាសន៍បន្តថា "វិស័យដីធ្លី នគរូបនីយកម្ម និងសំណង់ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការធានាសុខុមាលភាពសង្គម។ ដូច្នេះ ការងាររបស់យើងទាំងអស់គ្នា គឺត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ដោយបង្កើនល្បឿនការងារទ្វេដង ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលានូវសំណើ និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ"។ 
 
លោកបានគូសបញ្ជាក់ថា ការបង្កើនសកម្មភាពនេះ គឺសំដៅផ្តោតសំខាន់ទៅលើ៖ ការអនុវត្តគោលនយោបាយអាទិភាពទាំងបី (ចុះបញ្ជីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ) របស់ក្រសួងឲ្យបានសម្រេចជាស្ថាពរនៅក្នុងមូលដ្ឋានខេត្តតាកែវ ដោយក្នុងនោះត្រូវពង្រឹងគុណភាព និងតម្លាភាព ក្នុងការផ្តល់សេវាដីធ្លី ដោយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងលុបបំបាត់អំពើអសកម្មផ្សេងៗ ដែលអាចប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ជំរុញការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ឲ្យបានលឿន និងត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធានានូវសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ជូនពលរដ្ឋ និងកាត់បន្ថយវិវាទដីធ្លីឲ្យបានអតិបរមា ពង្រឹងការអនុវត្តប្លង់គោលប្រើប្រាស់ដីធ្លី និងផែនការនគរូបនីយកម្ម ឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយសណ្តាប់ធ្នាប់ គុណភាព និងចីរភាព។ 
 
ថ្លែងក្នុងឱកាសនេះដែរ លោក ម៉ឹង វុធី អភិបាលរងខេត្ត បានកោតសរសើរចំពោះលទ្ធផលការងារដ៏គួរជាទីមោទនៈរបស់មន្ទីររៀបចំដែនដីខេត្តក្នុងឆ្នាំ២០២៥ ដោយបានសង្កត់ធ្ងន់លើ ការងារវាស់វែងចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ត្រូវបន្តជំរុញឲ្យបានលឿន និងត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធានាបាននូវកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ និងកាត់បន្ថយជម្លោះដីធ្លីក្នុងមូលដ្ឋាន។ ការសហការរវាងមន្ទីរពាក់ព័ន្ធ ត្រូវបន្តសហការគ្នាឲ្យបានជិតស្និទ្ធ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងឆាប់រហ័ស។ 
 
បើតាមរបាយការណ៍របស់លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ មន្ទីរបានប្រមូលទ័ន្នន័យជាង ២១ម៉ឺនក្បាលដី (ចំនួនសរុប ២១៦.៦៣៩ក្បាលដី) ក្នុងភូមិចំនួន ២២៩ ស្មើនឹង ១០០ភាគរយនៃផែនការ និងបានចែកបណ្ណដល់ដៃប្រជាពលរដ្ឋបានជាង ៩ម៉ឺនបណ្ណផងដែរ (ចំនួនសរុប ៩៣.៦៩២បណ្ណ)៕ 
 
អត្ថបទ៖ ង៉ុង សាន់
 
                                 
                                 
                                 
                                 
                                