ឧស្សាហកម្មរថយន្តរបស់អឺរ៉ុបត្រូវជាប់គាំង ដោយសារតែសង្គ្រាមបន្ទះឈីបរវាងចិន ហូឡង់ដ៍ និងសហរដ្ឋអាម៉េរិក
 
                            
ហូឡង់ដ៍៖ កំណើនជម្លោះភូមិសាស្ត្រនយោបាយលើផ្នែកបច្ចេកវិទ្យា កំពុងគំរាមកំហែងដល់ឧស្សាហកម្មរថយន្តនៅអឺរ៉ុប ដោយផ្តោតលើក្រុមហ៊ុនផលិតបន្ទះឈីបនិចភើរៀ (Nexperia) ដែលមានមូលដ្ឋាននៅហូឡង់ដ៍ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន វីងតិច តិចណូឡូជី (Wingtech Technology) របស់ចិន។
វិបត្តិនេះ បានចាប់ផ្តើមនៅពេលដែលសហរដ្ឋអាម៉េរិកបានដាក់សម្ពាធលើប្រទេសហូឡង់ដ៍ ឱ្យដណ្តើមយកការគ្រប់គ្រងក្រុមហ៊ុន Nexperia ពីក្រុមហ៊ុនចិនត្រឡប់មកវិញ ក្នុងក្ដីបារម្ភពីហានិភ័យសន្តិសុខជាតិ។
ជាការឆ្លើយតប ប្រទេសហូឡង់ដ៍ បានប្រើប្រាស់ច្បាប់ពីសម័យសង្គ្រាមត្រជាក់ដើម្បីចូលកាន់កាប់ក្រុមហ៊ុន ដោយធ្វើឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង សងសឹកវិញ ដោយហាមឃាត់ក្រុមហ៊ុន Nexperia មិនឱ្យនាំចេញបន្ទះឈីបពីប្រទេសចិន ដែលបានចាប់ផ្តើមពីដើមខែតុលា។
ជម្លោះពាណិជ្ជកម្មនេះ បានបង្កជាវិបត្តិបន្តបន្ទាប់សម្រាប់ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប ដូចជា BMW, Volkswagen, Stellantis, និង Mercedes-Benz។ ក្រុមហ៊ុន Nexperia មានសមត្ថភាពផលិតរហូតដល់ ៤០% នៃបរិមាណបន្ទះឈីបជាមូលដ្ឋានរបស់ពិភពលោក ដែលចាំបាច់សម្រាប់ប្រព័ន្ធរថយន្តដូចជាចង្កូត ពោងសុវត្ថិភាព និងហ្វ្រាំង។
ដោយសារតែផលិតកម្មរបស់ Nexperia ភាគច្រើននៅប្រទេសចិន ត្រូវរាំងស្ទះដោយការហាមឃាត់ការនាំចេញ ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបអាចនឹងប្រឈមមុខនឹងការផ្អាកខ្សែច្រវាក់ផលិតកម្មក្នុងរយៈពេលដ៏ខ្លីខាងមុខ។
អ្នកវិភាគបានមើលឃើញជម្លោះនេះថាបណ្ដាលឱ្យខូចខាតឧស្សាហកម្មដ៏សំខាន់លើកដំបូងនៃសង្គ្រាមត្រជាក់ផ្នែកបច្ចេកវិទ្យាជាសកលនាសម័យទំនើប៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ DW News | រូបភាព-Photo៖ David Hammersen/dpa/picture alliance/ Memesita/ directair.com
 
                                 
                                