ព័ត៌មានអន្តរជាតិ

តើជំនាញសំខាន់ៗប្រភេទណាដែលអ្នកគួររៀនសូត្រក្នុងយុគសម័យ AI?

image


បច្ចេកវិទ្យា៖ ត្រឹមតែរយៈពេលមួយឆ្នាំ ក្ដីបារម្ភអំពីជំនាញដែលនឹងហួសសម័យ ហាក់កំពុងតែកើនឡើងយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកជំនាញ ដោយមាន ៧៤% ទៅ ៩១% នៃអ្នកជំនាញបច្ចេកវិទ្យាព័ត៌មាន (IT) អាម៉េរិក និងអង់គ្លេស មានក្ដីព្រួយបារម្ភថា ជំនាញប្រចាំថ្ងៃរបស់ពួកគេនឹងត្រូវជំនួសដោយបញ្ញាសិប្បនិម្មិត (AI)។ ឧទាហរណ៍ ជំនាញ ដូចជា ការសរសេរកូដ ត្រូវគេព្រមានថាអាចនឹងហួសសម័យក្នុងរយៈពេលប៉ុន្មានឆ្នាំដ៏ខ្លី។
ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរនេះ មានមុខវិជ្ជា និងវិជ្ជាជីវៈមួយចំនួនត្រូវគេមើលឃើញថា នឹងនៅតែមានសារៈសំខាន់។ វិស័យដូចជា វិស្វកម្មគ្រឿងយន្ត (Robotics) នឹងជួយមនុស្សឱ្យទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាថ្មីៗដែលដំណើរការជាមួយ AI។ ក្រៅពីនេះ ការងារជាក់ស្តែងដែលមិនសូវត្រូវការសញ្ញាបត្រសាកលវិទ្យាល័យ ដូចជា ជាងទឹក និងជាងឈើ ទំនងជានៅតែមានតម្លៃខ្ពស់នៅក្នុងសង្គម ដោយសារការងារទាំងនេះពិបាកយក AI មកជំនួស។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់ជាងការសិក្សាជំនាញជាក់លាក់មួយ គឺការផ្តោតលើជំនាញទន់ (Soft Skills) ដូចជា ការប្រាស្រ័យទាក់ទង ការគិតបែបត្រិះរិះពិចារណា ភាពអាចទុកចិត្តបាន ការយល់ចិត្ត និងសមត្ថភាពក្នុងការកសាងទំនាក់ទំនង គឺជាជំនាញដែលអាចបត់បែនបានទៅតាមឧស្សាហកម្មជាច្រើន ខណៈដែល AI នាពេលបច្ចុប្បន្ននេះ នៅមិនទាន់ពូកែខាងជំនាញទន់ទាំងនេះទេ និងមិនអាចយល់ពីអារម្មណ៍ជ្រាលជ្រៅច្បាស់លាស់ដូចមនុស្សបានឡើយ ជាពិសេសការងារដែលទាមទារអន្តរកម្មសង្គមស្មុគស្មាញ ដូចជា វិស័យថែទាំ និងជំនាញដូចជា ការចរចា នឹងនៅតែត្រូវការមនុស្សពិតប្រាកដ ។
ការស្រាវជ្រាវខាងលើ ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃបទពិសោធន៍ជាក់ស្តែង។ និស្សិតដែលបានបញ្ចប់ការសិក្សានៅឆ្នាំ ២០២២ ដែលបានបំពេញកម្មសិក្សា (ហាត់ការ) គឺមានលទ្ធភាពប្រមាណ ២៣% ក្នុងការទទួលបានការងារពេញម៉ោង ក្នុងរយៈពេល ៦ខែក្រោយបញ្ចប់ការសិក្សា ហើយនឹងកើនឡើងដល់ ៦៥% ក្នុងវិស័យមួយចំនួនដូចជា ប្រេង ឧស្ម័ន និងរ៉ែ។ សរុបមក អ្វីដែលនឹងធ្វើឱ្យនិស្សិតជោគជ័យទៅថ្ងៃមុខ គឺការដែលពួកគេមានជំនាញចម្រុះ បំណងប្រាថ្នាចង់រៀនសូត្រពេញមួយជីវិត និងឥរិយាបថល្អ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Economist | រូបភាព-Photo៖ CNN