សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញមកដល់មាតុភូមិវិញ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី
 
                            
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់មាតុភូមិវិញហើយ ដោយសុវត្ថិភាព និងលទ្ធផលជោគជ័យ សម្រាប់ជាតិកម្ពុជា ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។
ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូល ដើរតួនាទីយ៉ាងសំខាន់ក្នុងការ ជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្តាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈម នានាក្នុងតំបន់ និងពិភពលោក ឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។
អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្តេចធិបតី ក៏មានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីលើបញ្ហានានា ដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម។
ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីបានជួបប្រជុំគ្នានៅទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ជំនួបដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងចំណោមជំនួបទ្វេរភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកនោះ គឺនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលត្រូវបានចុះ ហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០៥ និងត្រូវបានធ្វើជាសាក្សីដោយ លោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក និងលោក Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ចំពោះ សេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលបានផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការ ជាមួយគ្នាឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការចុះហត្ថលេខានេះឆ្លុះបញ្ចាំងវឌ្ឍនភាពបន្ថែមទៀត ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលរហូតមកដល់ពេលនេះ បានជួយរក្សានូវភាពស្ងប់ស្ងាត់ និងស្ថិរភាព នៅតាមបណ្តោយព្រំដែន។ សម្តេចធិបតីបានលើកឡើងថា កិច្ចការបន្ទាន់សម្រាប់ភាគីទាំងពីរ គឺត្រូវធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានានូវការអនុវត្តសេចក្តីថ្លែងការណ៍នេះឱ្យបានពេញលេញ និង ប្រកបដោយភាពស្មោះត្រង់។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកជាថ្មីនូវការអំពាវនាវឱ្យមានការដោះ លែងទាហានកម្ពុជាចំនួន ១៨រូបឱ្យបានឆាប់ ដោយឈរលើមូលដ្ឋានមនុស្សធម៌ និងដូចដែលបានឯក ភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ។
ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ប្រទេសទាំងពីរត្រូវ តែបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថា ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាប្រកបដោយ សន្តិភាព សុខដុមរមនា និងវិបុលភាពរួមគ្នា សម្រាប់ជំនាន់ក្រោយៗទៀត៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ, លឹម មុនី
 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                