ចាប់ខ្លួនជនជាតិចិន និងវៀតណាម ៦៥នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ និងខេត្តកំពត
 
                            ភ្នំពេញ៖ កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពខណ្ឌចំការមន និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងបន្ទប់ B17-05 ស្ថិតនៅអគារខុនដូរវិមានកុលាប អគារB ជាន់ទី១៧ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិចិនដែលជាជនសង្ស័យចំនួន ៧នាក់ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
យោងតាមរបាយកាណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញបានដកហូតសម្ភារជាវត្ថុតាង រួមមាន All in on ចំនួន ៥គ្រឿង Monitor ចំនួន ២ គ្រឿង CPU ចំនួន ២គ្រឿង និងទូរសព្ទដៃចំនួន ៣២គ្រឿង។ ក្រោយការចាប់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានប្រើប្រាស់វិធីសាស្ដ្រឆបោកក្រោមរូបភាពជាការលួងលោមស្នេហា (Romance scam) ដែលមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗ។
ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបានត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ដោយឡែកនៅថ្ងៃដដែលនេះដែរ ក្នុងករណីមួយផ្សេងទៀត កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរក្នុងខេត្តកំពត បានស្វែងរកមុខសញ្ញា ស្ថិតក្នុងទីតាំងក្រោណ៩៥ ភូមិរលួស សង្កាត់បឹងឈូក ក្រុងបូកគោ ខេត្តកំពត ដោយបានចុះត្រួតពិនិត្យផ្ទះល្វែងចំនួន ៣ផ្ទះវីឡាចំនួន១ និងបន្ទប់ប្រតិបត្តិការចំនួន ១ និងបានឃាត់ខ្លួនជនជាតិវៀតណាម ៥៨នាក់ (ស្រ្តីចំនួន១៥នាក់) ក្នុងនោះមានមុខសញ្ញាក្នុងដីកាចំនួន ៧នាក់ (ស្រ្តី២នាក់) និងបានដកហូតសម្ភារជាវត្ថុតាង រួមមាន កុំព្យូទ័រ ( all in one ) ចំនួន ៦៣គ្រឿង ធុងpc ២គ្រឿង ម៉ូនីទ័រ ៣គ្រឿង និងទូរសព្ទដៃ ៤៨គ្រឿង។
ផ្អែកតាមការធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិច និងវត្ថុតាង ក្នុងបន្ទប់ការិយាល័យ X2 គឺជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាព វិនិយោគពាក់ព័ន្ធ និងរូបិយបណ្ណអេឡិចត្រូនិចលើគេហទំព័រ ក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ដែលមានគោលដៅទៅប្រទេសផ្សេងៗ។  
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានការលើកលែង៕
 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                