ព័ត៌មានជាតិ

ក្រឡាប់រថយន្តស៊េរីទំនើប១គ្រឿងក្បែររង្វង់មូលកងព្រហ្ម បន្ទាប់ពីបើកឡើងខឿនសួនច្បារ និងបុករះផ្ទាំងស្លាកសញ្ញាចរាចរណ៍អស់ច្រើនផ្ទាំងទាំងកណ្តាលអធ្រាត្រ

image

ភ្នំពេញ៖​ មានករណីក្រឡាប់រថយន្តអាល់ហ្វាតស៊េរីទំនើប​ ១គ្រឿង នៅក្បែររង្វង់មូលកងព្រហ្ម បន្ទាប់ពីបើកឡើងខឿនសួនច្បារ និងបុករះផ្ទាំងស្លាកសញ្ញាចរាចរណ៍អស់ច្រើនផ្ទាំងកាលពីវេលាម៉ោង​ ១២​:១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥​ ស្ថិតនៅខាងកើតរង្វង់មូលកងព្រហ្ម សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត តូយូតា អាល់ហ្វាត ពណ៌ខ្មៅ១គ្រឿង ពាក់ផ្លាកលេខ កម្ពុជា T.L.1558 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីកើតទៅលិច។ លុះធ្វើដំណើរមកដល់ផ្លូវកោង ស្របពេលមេឃកំពុងមានភ្លៀងរលឹមផងនោះ រថយន្តខាងលើខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកខឿនសួនច្បារនៅត្រង់ចំណុចផ្លូវកោងនោះ បណ្តាលឲ្យកិនស្មៅ និងបុករះស្លាកសញ្ញាប្រាប់ទិសដៅចរាចរណ៍ ខូចខាតអស់៤ផ្ទាំង ព្រមទាំងក្រឡាប់រថយន្តតែម្តង។

បន្ទាប់ពីក្រឡាប់រួច អ្នកឃើញហេតុការណ៍ និងពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុ ក៏បាននាំគ្នាស្ទុះទៅជួយសង្គ្រោះអ្នកបើកបរ ដើម្បីយកគាត់ចេញមកក្រៅ ខ្លាចប៉ះពាល់ដល់អាយុជីវិត តែមិនបង្កឱ្យអ្នកបើករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕


អត្ថបទ៖ រដ្ឋ រង្សី