កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការផ្តល់ជំនាញ និងការងារដល់ពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ
 
                            
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបជាមួយប្រតិភូធនាគារពិភពលោកដឹកនាំដោយលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ស្តីពីការស្វែងរកការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។
លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក លើការងារការកសាងមូលធនមនុស្ស ការងារ និងជំនាញនៅកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះ គឺស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងរបស់ធនាគារពិភពលោកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ (Skills for Better Jobs Project)។
ជាការឆ្លើយតប លោកស្រី Tania Meyer បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ចំពោះជំនួបដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរអាចផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃស្តីពីការស្វែងរកការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។
ទន្ទឹមនេះ លោកស្រី ក៏បានថ្លែងកោតសរសើរអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដោយសន្យាថា នឹងបន្តបើកទូលាយទទួលនូវរាល់សំណូមពរ និងប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលជំនាញដល់យុវជន និងពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ។
ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានឯកភាពបន្តភាពជាដៃគូ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាផងដែរ។
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារ លោករដ្ឋមន្ត្រីបានអញ្ជើញលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា និងគណៈប្រតិភូទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន ២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើសេវាកម្មស្វែងរកការងារធ្វើដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ៕
 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                