ប្រធានាធិបតីប្រេស៊ីល ព្រមានអាម៉េរិកកុំឱ្យចាប់ផ្ដើមសង្គ្រាមជាមួយវេណេហ្ស៊ូអ៊ីឡា ដោយចង់រក្សាសន្តិភាពនៅក្នុងតំបន់
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវា (Lula da Silva) មានប្រសាសន៍ថា លោកបានព្រមានទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) មិនឱ្យចាប់ផ្តើមសង្គ្រាមនៅប្រទេសវ៉េណេហ្ស៊ូអ៊ីឡា ។
លោកបានប្រាប់ថា ប្រេស៊ីលចង់ឱ្យអាម៉េរិកខាងត្បូងនៅជាតំបន់សន្តិភាព និងត្រៀមជួយចរចា ប្រសិនបើចាំបាច់។ លោកបានបញ្ជាក់ថា ប្រេស៊ីល ជាប្រទេសធំបំផុត និងមានសេដ្ឋកិច្ចខ្លាំងបំផុតក្នុងតំបន់ ហើយមានបទពិសោធន៍ក្នុងការរក្សាសន្តិភាពក្នុងឆាកអន្តរជាតិ ។
លោកលូឡា លើកឡើងបែបនេះ បន្ទាប់ពីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ។ បន្ថែមពីនេះ លោកក៏បានគាំទ្រដល់ការស្នើសុំរបស់ម៉ាឡេស៊ី ក្នុងការចូលជាសមាជិកពេញលេញនៃក្រុមប្រ៊ីក (BRICS) ផងដែរ ។
មួយរយៈចុងក្រោយនេះ មានកំណើននៃភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងវ៉េណេហ្ស៊ូអ៊ីឡា ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការជួញដូរគ្រឿងញៀន។ ក្នុងនោះ អាម៉េរិកបានវាយប្រហារទៅលើនាវាដែលគេសង្ស័យថាជាប្រភេទ “នាវាដឹកគ្រឿងញៀន” ដោយបានសម្លាប់មនុស្សជាច្រើននាក់ ហើយបានបន្ថែមកម្លាំងទ័ពសមុទ្រនៅក្នុងតំបន់ ខណៈវ៉េណេហ្ស៊ូអ៊ីឡា ចោទអាម៉េរិកថា កំពុងធ្វើអាណានិគម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ EVARISTO SA via AFP/ Getty Images/ Pete Hegseth / X