ព័ត៌មានអន្តរជាតិ

អ្នកស្លាប់នៅតំបន់ហ្គាហ្សា កើនឡើងជាង១០០នាក់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល

image


ហ្គាហ្សា, ប៉ាឡេស្ទីន៖ យោងតាមសេចក្ដីរាយការណ៍ពីមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា ឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល ពេញមួយយប់លើតំបន់ហ្គាហ្សា បានបណ្ដាលឱ្យមនុស្សប្រហែល ១០៤នាក់បានស្លាប់។ មន្ត្រីពេទ្យ បានបន្ថែមថា អ្នកស្លាប់ភាគច្រើនគឺជាស្ត្រី និងកុមារ ។

អ៊ីស្រាអ៊ែល អះអាងថា ការចាប់ផ្ដើមវាយប្រហារនេះ កើតឡើងបន្ទាប់ពីអ៊ីស្រាអ៊ែលចោទក្រុមហាម៉ាស់ ថាបានសម្លាប់ទាហានម្នាក់របស់អ៊ីស្រាអ៊ែល និងរកឃើញថា ក្រុមហាម៉ាស់មិនបានប្រគល់សាកសពចំណាប់ខ្មាំងពិតប្រាកដដែលជាប់ឃុំឃាំង។ ស្របពេលក្រុមហាម៉ាស់ និយាយថា ពួកគេនឹងពន្យារពេលប្រគល់សាកសពបន្ថែម ព្រោះតែអ៊ីស្រាអ៊ែលរំលោភបំពានកិច្ចព្រមព្រៀងឈប់បាញ់ ។

ទន្ទឹមនឹងនោះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងថា សហរដ្ឋអាម៉េរិក ទទួលបានការជូនដំណឹងមុនពេលវាយប្រហារ ខណៈកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅតែបន្តមានសុពលភាពដដែល ហើយលោកជឿថា ស្ថានការណ៍នេះនឹងមិនធ្វើឱ្យខូចកិច្ចព្រមព្រៀងឈប់បាញ់ឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ The Independent | រូបភាព-Photo៖ AP/ Reuters/ AFP/ Getty Images